(មណ្ឌលគិរី)៖ បទល្មើសព្រៃឈើនៅ ខេត្តមណ្ឌលគិរី ដែលមានទំហំច្រើនសន្ធឹកសន្ធាប់ដែលគណៈកម្មការថ្នាក់ជាតិ បានធ្វើការវាយតម្លៃថា ជាឈើខុសច្បាប់នោះ បានកើតឡើងនៅក្នុងតំបន់ហាមឃាត់របស់រដ្ឋដូចជា នៅតំបន់ដែនជំរកសត្វព្រៃភ្នំព្រេច ដែនជំរកសត្វព្រៃភ្នំណាំលៀរ និងដីព្រៃបំរ៉ុងអចិន្រ្តៃយ៍របស់រដ្ឋ ត្រូវបានគេកាប់បំផ្លាញយ៉ាងដំណំ រហូតមកដល់ពេលនេះ។
ចំពោះមន្រ្តីទទួលខុសត្រូវដែន ឬអ្នកជាប់ពាក់ព័ន្ធដ៏ទៃទៀតនៅខេត្តនេះ គេពុំទាន់ឃើញមានចំណាត់ការ របស់ផ្លូវច្បាប់ណាមួយ ដាក់ការស៊ើបអង្កេតដើម្បីស្រាវជ្រាវ រកអ្នកជាប់ពាក់ព័ន្ធទាំងនោះ មកផ្តន្ទាទោសតាមច្បាប់នៅឡើយទេ។ ប្រជាពលរដ្ឋសហគមន៍ ការពារព្រៃឈើ និងមហាជនជាច្រើនផងដែរ ទូទាំងខេត្តនេះបានលើឡើងថា «រាល់បទល្មើសព្រៃឈើ ដែលមានទំហំធំធេងនោះ បានកើតឡើងនៅក្នុងដែនហាមឃាត់របស់រដ្ឋ ចំនួនពីរនៅមណ្ឌលគិរី គឺដែនជំរកសត្វព្រៃភ្នំព្រេច និងដែនជំរកសត្វព្រៃភ្នំណាំលៀរដែលគ្រប់គ្រងផ្ទាល់ដោយ លោក សំរ៉ង ឌីចិត្រ នាយកដែនជំរកសត្វព្រៃភ្នំព្រេច លោក រ័ត្ន សុវណ្ណ នាយកដែនជំរកសត្វព្រៃភ្នំណាំលៀរ និងលោក ឈិត សុផល ប្រធានមន្ទីរបរិស្ថានខេត្ត»។
មន្រ្តីទាំង៣នាក់ គឺជាអ្នកទួទលខុសត្រូវលើដែនជំរកសត្វព្រៃទាំងពីរនេះទាំងស្រុង ដូច្នេះមន្រ្តីទាំងបីរូបនេះ គឺតំណាងឱ្យក្រសួងបរិស្ថានមានតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងធ្វើការបង្រ្កាបរាល់បទល្មើសព្រៃ ដែលបានកើតឡើនៅតំបន់នេះ។
តែផ្ទុយទៅវិញពេលនេះ ត្រូវបានគេរកឃើញឈើខុសច្បាប់យ៉ាងច្រើនពាន់ម៉ែត្រគូប ក្នុងដែនទាំងនោះ ហើយករណីដ៏រសើបនេះ ត្រូវបានគេដាក់ការសង្ស័យថា មន្រ្តីចំនួនបីរូបខាងលើ និងមានមន្រ្តីមានអំណាចមួយចំនួនទៀតផងនៅក្នុងខេត្តនេះ ចូលរួមឃុបឃិតគ្នាទទួលផលប្រយោជន៍ បានជាបណ្តែតបណ្តោយឲ្យកើតមានបទល្មើសយ៉ាងធំធេង កើតឡើងដោយរលូនបែបនេះ។ មិនតែប៉ុណ្ណោះករណីនេះអាចមានការបិតបាំងថ្នាក់លើ តាមរយៈការសរសេរតែរបាយការណ៍ល្អៗ ជូនថ្នាក់លើក្នុងន័យលាក់បំបាំងការពិតតែប៉ុណ្ណោះ។ មហាជនទូទាំងខេត្តមណ្ឌលគិរី បានស្នើឱ្យលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានមានវិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់។
លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មការទប់ស្កាត់បទល្មើសខេត្តប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះថា លោកកំពុងជាប់រវល់ប្រជុំ។ ដោយឡែក លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តមណ្ឌលគិរី បានថ្លែងប្រាប់នៅព្រឹកថ្ងៃដដែលនេះថា ទោះបីរូបលោកមិនមានឈ្មោះ នៅក្នុងអនុគណៈកម្មការទប់ស្កាត់ និងបង្រ្កាបរបស់ខេត្ត ក៏ដោយ តែរូបលោកបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចាត់ចែងធ្វើការបញ្ជូនតំណាងអយ្យការរបស់ខ្លួន ឱ្យចុះធ្វើការស្រាវជ្រាវ និងអង្កេតលើបទល្មើសព្រៃនៅតាមបណ្តាក្រុមហ៊ុនមួយចំនួននោះ យ៉ាងហ្មត់ចត់បំផុតដើម្បីកសាងសំណុំរឿងនិងបន្តចាត់ការតាមនិតិវិធី៕