(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះជួបសំណេះសំណាល ជាមួយកងកម្លាំងនគរបាលការពារព្រំដែនទឹកលេខ២៤១ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។
លោកអភិបាលខេត្ត ជាវ តាយ បានពាំនាំមកនូវការសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងទ្វេរតែងតែគិតគូពីសុខទុក្ខ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូល។
ជាមួយគ្នានោះ លោកភិបាលខេត្តខេត្ត ក៏បានកោតសរសើរ ដល់កងកម្លាំងនគរបាលការពារព្រំដែនទឹកលេខ២៤១ ដែលកន្លងមកបានចូលរួមគាំទ្រយ៉ាងសកម្ម ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់រាល់បញ្ហា កើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពត។
ដោយលោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញនូវអនុក្រឹត្យផ្តល់ជូននូវប្រាក់ឧបត្ថម្ភចំនួន៥០០០០៛ ក្នុងម្នាក់ៗ និង បានបើកជូននូវប្រាក់បៀវត្ស ខែកញ្ញា សម្រាប់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អតីតយុទ្ធជន និវត្តន៍ជន សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ។
ដោយឡែក ក្នុងនាមរដ្ឋបាលខេត្ត ក៏បានផ្តល់ជូននូវថវិកាចំនួន៥០០០០៛ ស្មើៗគ្នាទាំងអស់ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនទឹកលេខ២៤១ ចំនួន៩៧រូប នូវទឹកប្រាក់សរុប ៤,៨៥០,០០០៛ ព្រមទាំងអាវពោងចំនួន៥០អាវ។
ថវិកាផ្តល់ជូននាពេលនេះបានមកពីការចូលរួមថវិកាបដិភាគ ៥០% រវាងរដ្ឋបាលខេត្ត និងលោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ផងដែរ៕