(ភ្នំពេញ)៖ ឆ្លៀតពេលសម្រាកពីការងារនាថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News បានដឹកនាំក្រុមការងារ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តថ្មបីម៉នថារាម ស្ថិតឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ចូលតាមផ្លូវភ្នំប្រសិទ្ធិ)។
នាឱកាសនោះ លោក លឹម ជាវុត្ថា រួមជាមួយក្រុមការងារ Fresh News បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណីជាច្រើនមុខវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម។
ជាមួយគ្នានោះដែរ លោក លឹម ជាវុត្ថា ក៏បានប្រគេនព្រះគ្រូចៅអធិការវត្តនូវបច្ច័យចំនួន ២,០០០,០០០រៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តថ្មបីម៉នថារាមនេះផងដែរ។
ថ្នាក់ដឹកនាំ និងក្រុមការងារ Fresh News គ្រប់គ្នាបានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយនឹងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឲ្យមាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។
ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕