(ព្រះវិហារ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលជិតឈានមកដល់នាពេលខាងមុខនេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងយកអំណោយមួយចំនួន ទៅប្រគល់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៅកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតនៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងនៅគ្រប់ទីកន្លែង ក្រោមពាក្យស្លោក៖ ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើខ្ពស់ចំពោះស្មារតីតស៊ូអង់អាចក្លាហាន ប្រកបដោយវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាននៅកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារមាតុភូមិការពារបូរណភាពទឹកដីកម្ពុជា និងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ព្រមជាមួយនោះ លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាលបានខិតខំសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នាបានឃើញ និងទទួលបានផលពីសមិទ្ធផលនេះ ដែលកើតចេញពីការចូលរួមរបស់ថ្នាក់ដឹកនាំជាតិ បុគ្គលិក មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាល ។
លោក អ៉ិត សំហេង ក៏បានជូនពរដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមមានសុខភាពល្អ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសូមស្តាប់វិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលអំពីការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់គ្នាជៀសផុតបានពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
លោករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូក៏បាននាំយកនូវថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងផ្តល់អាហារូបករណ៍សិក្សាមុខជំនាញបច្ចេកទេសផ្សេងៗនៅតាមវិទ្យាស្ថាន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារផងដែរ៕