(ភ្នំពេញ)៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តុលាការត្រូវបានបែងចែកជា ២ជាន់ និង៣ថ្នាក់ ដែលមានដូចជាតុលាការជាន់ទាប (សាលាដំបូងរាជធានី/ខេត្ត) និង តុលាការជាន់ខ្ពស់ (សាលាឧទ្ធរណ៍, តុលាការកំពូល) យើងដឹងហើយថា តុលាការគ្រប់ជាន់ថ្នាក់ធ្វើការសម្រេចសេចក្តីតាមសាលក្រម ឬសាលដីកា។ ចំពោះសាលាដំបូងរាជធានី/ខេត្ត ធ្វើការសម្រេចសេចក្តីតាមរយៈសាលក្រម រីឯសាលាឧទ្ធរណ៍ និងតុលាការកំពូល ធ្វើការសម្រេចសេចក្តីតាមរយៈសាលដីកា។
ជាក់ស្តែងក្នុងករណីដែលភាគីមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់សាលដំបូងរាជធានី/ខេត្ត ភាគីអាចធ្វើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រម ដែលបានចេញដោយសាលាដំបូងរាជធានី/ខេត្ត មួយវិញទៀតក្នុងករណីដែលភាគីនៅតែមិនពេញចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ភាគីអាចធ្វើការប្តឹងសាទុក្ខប្រឆាំងនឹងសាលដីកា ដែលបានចេញដោយសាលាឧទ្ធរណ៍ផងដែរ។ ប្រធានបទសប្តាហ៍នេះ នឹងធ្វើការបកស្រាយដោយ ផ្តោតលើចំណុចសំខាន់ផ្សេងៗ នៅក្នុងនីតិវិធីនៃបណ្តឹងសាទុក្ខតែប៉ុណ្ណោះ។
ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិសូមលើកយកប្រធានបទស្តីពី «បណ្តឹងសាទុក្ខក្នុងរឿងក្តីរដ្ឋប្បវេណី» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖
បណ្តឹងសាទុក្ខ គឺជាប្រភេទមួយនៃបណ្តឹងឧបាស្រ័យដែលធ្វើទៅតុលាការជាន់ខ្ពស់និងជាបណ្តឹងដែលធ្វើឡើងប្រឆាំងនឹងសេចក្តីសម្រេចចុងក្រោយរបស់សាលាឧទ្ធរណ៍ ឬធ្វើឡើងប្រឆាំងនឹង សាលក្រមរបស់សាលាដំបូងរាជធានី/ខេត្តក្នុងករណីដែលគូភាគីបានព្រមព្រៀងគ្នាមិនប្តឹងឧទ្ធរណ៍។ សូមបញ្ជាក់ថានៅក្នុងរឿងក្តីរដ្ឋប្បវេណីគូភាគីបន្ទាប់ពីសាលាដំបូងរាជធានី/ខេត្តចេញសេចក្តីសម្រេចរួចមក គូភាគីអាចធ្វើការព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរថា មិនប្តឹងឧទ្ធរណ៍ ហើយទុកសិទ្ធិប្តឹងសាទុក្ខទៅតុលាការកំពូលតែម្តង។
សាលក្រម ឬសាលដីកា ដែលអាចប្តឹងសាទុក្ខបានមានដូចជា សាលដីកាចុងក្រោយដែលត្រូវបានជំនុំជម្រះលើកទី២ ដោយសាលាឧទ្ធរណ៍ គឺជាសាលដីកាដែលសាលាឧទ្ធរណ៍ ចេញបន្ទាប់ពីការពិនិត្យ លើភស្តុតាង និងការទាញហេតុផលដោយផ្ទាល់មាត់ (សវនាការ), សាលដីកាចុងក្រោយដែលសាលាឧទ្ធរណ៍បានជំនុំជម្រះលើកទី១ តាមបញ្ញត្តិនៃច្បាប់ពិសេស ដូចជា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី បន្ទាប់ពីសាលាឧទ្ធរណ៍បានជំនុំជម្រះលើកទី១ សាលដីកាចុងក្រោយនេះអាចធ្វើការប្តឹងសាទុក្ខបាន, សាលក្រមចុងក្រោយ ដែលធ្វើការជំនុំជម្រះលើកទី១ ដោយសាលាដំបូងរាជធានី/ខេត្ត ក្នុងករណីដែលគូភាគីបានព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរថាមិនប្តឹងឧទ្ធរណ៍ និងរក្សាសិទ្ធិក្នុងការប្តឹងសាទុក្ខទៅតុលាការកំពូលតែម្តង។
មូលហេតុនៃបណ្តឹងសាទុក្ខត្រូវបានបែងចែកជាពីរគឺ ទី១៖ មូលហេតុទូទៅនៃបណ្តឹងសាទុក្ខ សំដៅដល់ការចេញសាលក្រម ឬសាលដីកា របស់តុលាការមានអត្ថន័យផ្ទុយពី រដ្ឋធម្មនុញ្ញ, ច្បាប់, បទដ្ឋានគតិយុត្តជាដើម។ ទី២៖ មូលហេតុដាច់ខាតនៃបណ្តឹងសាទុក្ខមានដូចជា ចៅក្រមដែលចេញសាលដីកា ឬសាលក្រមមិនត្រូវបានចាត់តាំងដោយស្របច្បាប់, ចៅក្រមដែលច្បាប់មិនអនុញ្ញាតឱ្យចូលរួមក្នុងការចេញសាលក្រម ឬសាលដីកា តែបានចូលរួម (ចៅក្រមដែលត្រូវបានប្តឹងដិតចិត្ត), ភាពផ្ទុយនឹងសមត្ថកិច្ចផ្តាច់មុខ (បណ្តឹងលែងលះ), ការខ្វះសិទ្ធិតំណាងដែលកំណត់ដោយច្បាប់ (អ្នកតំណាងមិនបានដាក់ឯកសារបញ្ជាក់ថាខ្លួនមានសិទ្ធិតំណាង) ខ្វះសិទ្ធិតំណាងដោយអាណត្តិ (ធ្វើសកម្មភាពបណ្តឹងដោយមិនមានការប្រគល់សិទ្ធិ ឬចាត់តាំង) ខ្វះការប្រគល់សិទ្ធិចំាបាច់សម្រាប់អ្នកតំណាងដើម្បីធ្វើសកម្មភាពបណ្តឹង (មិនមានលិខិតប្រគល់សិទ្ធិធ្វើបណ្តឹងជាអាទិ៍), ភាពផ្ទុយពីការបើកការទាញហេតុផល ដោយផ្ទាល់មាត់ជាសាធារណៈ (ការបើកសវនាការជាសាធារណៈចំពោះរឿងក្តីលែងលះ), សាលក្រម ឬសាលដីកា គ្មានសំអាងហេតុ ឬមានសំអាងហេតុដែលមានភាពផ្ទុយគ្នា នឹងសេចក្តីសម្រេចបញ្ចប់។
របៀបប្តឹងសាទុក្ខ ដើម្បីធ្វើការប្តឹងសាទុក្ខ ភាគីត្រូវដាក់ពាក្យបណ្តឹងទៅតុលាការដើម ក្នុងករណីនេះពាក្យបណ្តឹងសាទុក្ខត្រូវដាក់ នៅសាលាឧទ្ធរណ៍ប្រសិនបើធ្វើការប្តឹងប្រឆាំងនឹង សាលដីកាចុងក្រោយរបស់សាលាឧទ្ធរណ៍ ឬបណ្តឹងសាទុក្ខត្រូវដាក់នៅសាលាដំបូងរាជធានី/ខេត្ត ចំពោះករណីដែលភាគីព្រមព្រៀងជាលាយលក្ខណ៍អក្សរមិនប្តឹងឧទ្ធរណ៍។
នៅពេលដែលមាន បណ្តឹងសាទុក្ខ ច្បាប់តម្រូវឱ្យតុលាការដើម (សាលាឧទ្ធរណ៍, សាលាដំបូងរាជធានី/ខេត្ត) ធ្វើការបញ្ជូនឱ្យឆាប់រហ័ស នូវពាក្យបណ្តឹងសាទុក្ខ និងសំណុំរឿងទៅតុលាការ នៃបណ្តឹងសាទុក្ខ (តុលាការកំពូល)។ ចំពោះអាជ្ញាយុកាលនៃការប្តឹងសាទុក្ខ ភាគីមានអំឡុងពេល ០១(មួយ)ខែ ដែលត្រូវគិតចាប់ពីថ្ងៃដែលទទួលការបញ្ជូនលិខិតសាលក្រម ឬសាលដីកា។
ការសរសេរមូលហេតុនៃបណ្តឹងសាទុក្ខ បន្ទាប់ពីទទួលពាក្យបណ្តឹងសាទុក្ខរបស់ដើមបណ្តឹងសាទុក្ខ តុលាការកំពូលត្រូវបញ្ជូនលិខិតទទួលពាក្យបណ្តឹងសាទុក្ខទៅភាគី ហើយចំពោះភាគីជាចុងបណ្តឹងសាទុក្ខត្រូវភ្ជាប់មកជាមួយនូវពាក្យបណ្តឹងសាទុក្ខផងដែរ។ បន្ទាប់ពីទទួលបានលិខិតទទួលពាក្យបណ្តឹង ដើមបណ្តឹងសាទុក្ខ ត្រូវដាក់មូលហេតុនៃបណ្តឹងសាទុក្ខ ក្នុងអំឡុងពេល ៣០ (សាមសិប)ថ្ងៃ។
ក្នុងករណីបណ្តឹងសាទុក្ខធ្វើឡើងដោយយោងតាមមូលហេតុទូទៅនៃបណ្តឹងសាទុក្ខដូចបញ្ជាក់ខាងលើ ដើមបណ្តឹងសាទុក្ខត្រូវសរសេរបញ្ជាក់ពីហេតុដែលបានសម្រេចសេចក្តីផ្ទុយនឹងរដ្ឋធម្មនុញ្ញ, ច្បាប់, បទដ្ឋានគតិយុត្តនោះ ឬក្នុងករណីបណ្តឹងសាទុក្ខធ្វើឡើងដោយសារមូលហេតុដាច់ខាតនៃបណឹ្តងសាទុក្ខ ដើមបណ្តឹងសាទុក្ខត្រូវ សរសេរបញ្ជាក់ពីអង្គហេតុដែលត្រឹមនឹងចំណុចណាមួយ នៃមូលហេតុដាច់ខាតនោះឱ្យបានច្បាស់លាស់។
បណ្តឹងសាទុក្ខ នឹងត្រូវបានលើកចោលដោយដីកាសម្រេចក្នុងករណីដូចជា បណ្តឹងសាទុក្ខនោះជាបណ្តឹងខុសច្បាប់ ហើយមិនអាចកែតម្រូវចំណុចខ្វះខាតបាន ឬបើមិនដាក់លិខិតបញ្ជាក់ពីមូលហេតុនៃបណ្តឹងសាទុក្ខ។ បណ្តឹងសាទុក្ខក៏អាចត្រូវច្រានចោលដោយសាលដីកា ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីនៃការទាញហេតុផលដោយផ្ទាល់មាត់ (សវនាការ) ផងដែរ ប្រសិនបើតុលាការពិនិត្យលើពាក្យបណ្តឹងសាទុក្ខ, លិខិតបញ្ជាក់មូលហេតុនៃបណ្តឹងសាទុក្ខ និងឯកសារផ្សេងៗ ហើយយល់ឃើញថាបណ្តឹងសាទុក្ខនោះគ្មានមូលហេតុសម្រាប់ប្តឹងសាទុក្ខ។
សរុបសេចក្តីមក បណ្តឹងសាទុក្ខ គឺជាប្រភេទមួយនៃបណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ ដែលធ្វើឡើងប្រឆាំងនឹង សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ឬសាលាដំបូងរាជធានី/ខេត្ត (ចំពោះករណីដែលភាគីព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរថាមិនប្តឹ ងឧទ្ធរណ៍)។
លើសពីនេះទៀតបណ្តឹងសាទុក្ខ ត្រូវធ្វើទៅតុលាការកំពូលដោយផ្អែកលើមូលហេតុមួយ ដែលច្បាប់បានកំណត់ជាក់លាក់។ ផ្ទុយមកវិញបណ្តឹងសាទុក្ខ ក៏អាចត្រូវលើកចោលដោយហេតុថា ជាបណ្តឹងខុសច្បាប់ ឬច្រានចោលដោយសារគ្មាន មូលហេតុច្បាស់លាស់តាមផ្លូវច្បាប់។
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅ អគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល [email protected] គេហទំព័រ៖ http://www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕