(កណ្ដាល)៖ តំណាងរាស្ត្រមណ្ឌលកណ្ដាល លោក ង៉ោ សុវណ្ណ បាននាំមន្ត្រីជាច្រើននាក់ ធ្វើបុណ្យដាក់បិណ្ឌវេណទី១១ នៅវត្តពោធិ៍ព្រឹក្ស សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រមទាំងបានផ្ដែផ្ដាំពុទ្ធបរិស័ទទាំងអស់ កុំប្រហែសជំងឺកូវីដ-១៩ ដ្បិតរាជរដ្ឋាភិបាលទទួលបានជ័យជម្នះ លើជំងឺនេះក្ដី ក៏ប៉ុន្តែតោងឲ្យពលរដ្ឋទាំងអស់ កុំធ្វេសប្រហែសព្រោះជំងឺនេះមើលមិនឃើញ និងឆ្លងលឿនណាស់។
លោក ង៉ោ សុវណ្ណ បានផ្ដែផ្ដាំពលរដ្ឋឲ្យរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ទឹកសម្លាប់មេរោគ ជេល ឬទឹកអាល់កុល និយាយជារួម គឺអនុវត្តន៍តាមវិធានការនៃការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវខំហាត់ប្រាណបង្កើនសុខភាពឲ្យល្អរឹងមាំ ដើម្បីឈ្នះអស់ជំងឺទាំងឡាយទាំងពួង។
អ្នកតំណាងរាស្ត្ររូបនេះ បានបន្តទៀតថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរ សប្បាយរីករាយនឹងការធ្វើបុណ្យ ធ្វើទាន គ្រប់រដូវកាល ដោយគ្មានការហាមឃាត់នោះទេ ពោលដោយសារតែប្រទេសកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍប្រជាពលរដ្ឋមានជីវភាពធូរធារ ដូច្នេះកត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យយើងមានអ្វីគ្រប់សព្វបែបយ៉ាងដូចសព្វថ្ងៃនេះ។
លោក ង៉ោ សុវណ្ណ បានបន្ថែមទៀតថា ការដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព គឺពិតជាពិបាកខ្លាំងណាស់ ដូច្នេះយើងទាំងអស់គ្នាគប្បីរួបរួមគ្នា ខិតខំរក្សាសន្តិភាពមួយនេះឲ្យបាន ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនថ្មីៗ ជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕