(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាព បានអំពាវនាវឲ្យពុទ្ធបរិស័ទ ចំណុះជើងវត្តវិហារខ្ពស់ រួបរួមសាមគ្គីគ្នា ដើម្បីកសាងសមិទ្ធផលក្នុងវត្ត ឲ្យបានរីកចម្រើន នៅក្នុងឱកាសដែលលោកស្រី និងក្រុមគ្រួសារ ព្រមទាំងសហការី រួមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តវិហារខ្ពស់ ស្ថិតនៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ពុទ្ធបរិស័ទ គណៈកម្មាការវត្ត និងព្រះសង្ឃ ចំណុះជើងវត្តវិហារខ្ពស់ ទាំងអស់ត្រូវតែរួបរួមសាមគ្គីគ្នា ដើម្បីកសាងសមិទ្ធផលនានា ក្នុងវត្តឲ្យបានរីកចម្រើន ហើយធ្វើយ៉ាងណាកសាងទីវត្តអារាម ឲ្យក្លាយជាទីកន្លែងទេសចរណ៍ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានទស្សនាពីវប្បធម៌ អរិយធម៌ និងប្រពៃណីរបស់ខ្មែរ និងជាទីកន្លែងសម្រាប់គោរពបូរជា។

លោកស្រីថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅ តែងតែគោរពទៅតាមទំនៀម ទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា ហើយសូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន។

លោកស្រី ឃួន ឃុនឌី បានសំណូមពរឲ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខ នឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺ ដ៏កាចសាហាវមួយនេះ

ជាមួយគ្នានេះ លោកស្រីបានប្រគល់ដល់ទឹកអាកុល និងម៉ាស៊ីមវាស់កំដៅដល់ វិទ្យាល័យទួលក្បិល និងបឋមសិក្សាទួលក្បិល សម្រាប់យកទៅប្រើប្រាស់ក្នុងការពិនិត្យដល់សិស្សានុសិស្ស ដើម្បីការពារនូវអនាម័យ និងចៀសផុតពីជំងឺកូវីដ-១៩៕