Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម ណែនាំសមត្ថកិច្ចបន្ដពង្រឹងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុង ឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

13-09-2020 11:02

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ក្នុងឱកាសចូលរួមពិធីកាន់បិណ្ឌវេនទី១១ នៅវត្តខែលជ័យ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានណែនាំសមត្ថកិច្ចបន្ដពង្រឹងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រូលដល់ពួកគាត់។

បន្ទាប់ពីធ្វើកិច្ចសមាទានសីលរួចមក គណៈកម្មការអាចារ្យវត្តខែជ័យ បានប្រកាសថា អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោកស្រី ញូង ចរិយា រួមជាមួយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការក្នុងខេត្តមានដូចជា ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត មកកាន់បិណ្ឌវេនទី ១១ នៅវត្តខែលជ័យនាពេលនេះ ក្នុងគោលបំណងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាផង និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ វេដើម្បីបញ្ជូនបានដល់បុព្វការីជន នឹងទទួលកុសល ផលបុណ្យរៀងៗខ្លួនផងដែរ ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត និងក្រុមការងារ បាននាំមកនូវទេយ្យវត្ថុបច្ច័យបួន ប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ មានដូចជា ជ័យវរបច្ច័យ បិណ្ឌបាតបច្ច័យ សេនាសនៈបច្ច័យ និងគិលានភេសជ្ជបច្ច័យ ទុកសម្រាប់ប្រើប្រាស់។ ទន្ទឹមនិងនោះ លោកអភិបាលខេត្ត ក៏បានចូលជាបច្ច័យសម្រាប់កសាងក្នុងវត្តអារាមខែលជ័យ នូវថវិកាចំនួន ៤លានរៀលផងដែរ។