(បាត់ដំបង)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពការងារ សាងសង់អគារថ្មីក្នុងមន្ទីរពេទ្យខេត្ត ដែលជាគម្រោងឧបត្ថម្ភ ដោយអង្គការ JICA របស់រដ្ឋាភិបាលជប៉ុន។
ការអញ្ជើញចុះពិនិត្យសកម្មភាពការងារនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពី អភិបាលខេត្តបាត់ដំបង, លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងប្រតិភូក្រសួងសុខាភិបាល។
អគារថ្មីក្នុងមន្ទីរពេទ្យនេះ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដែលមានចំនួន ១២៥គ្រែ, បន្ទប់វះកាត់ធំចំនួន ៣, បន្ទប់សង្គ្រោះបន្ទាន់ចំនួន ៣ និងបំពាក់ដោយសម្ភារបរិក្ខារ ថែទាំព្យាបាលទំនើបៗជាច្រើន សម្រាប់បម្រើសេវាព្យាបាល និងថែទាំអ្នកជំងឺកាន់តែប្រសើរបន្ថែមទៀត។
ដូច្នេះ ពេលដែលមន្ទីរពេទ្យខេត្តបាត់ដំបង បានប្រែមុខមាត់ថ្មីថែមមួយកំរិតទៀត នឹងមានលទ្ធភាពទទួលជំងឺសរុបបាន ៣៩០គ្រែ។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំ នូវការសួរសុខទុក្ខ និងកោតសរសើរ អំពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់បងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីពេទ្យទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខភាព ជូនដល់ពលរដ្ឋដោយយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ និងប្រកបដោយសីលធ៌មវិជ្ជាជីវៈល្អ។
លើសពីនោះ រដ្ឋមន្រ្ដី ម៉ម ប៊ុនហេង ក៏បានជំរុញណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកនៃមន្ទីរពេទ្យទាំងអស់ ខិតខំថែមទៀតក្នុងការកៀងគរធនធាន ដើម្បីពង្រីកហេត្ថារចនាសម្ព័ន្ធ និងទំនើបកម្ម មន្ទីរពេទ្យ ឱ្យកាន់តែប្រសើរថែមទៀត ព្រមទាំងខិតខំស្វែងរកឱកាស បណ្តុះបណ្តាល បន្តទាំងក្នុងនិងក្រៅប្រទេស ជូនដល់មន្ត្រីបុគ្គលិកសុខាភិបាល ដើម្បីធ្វើយ៉ាងណា បំរើសេវាសុខាភិបាលជូនពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស បុគ្គលិកមន្រ្តីសុខាភិបាល និងមន្រ្តីពាក់ពន្ធ័ទាំងអស់ មេត្តាបន្តសហការគ្នាល្អ យកចិត្តទុកដាក់កំរិតខ្ពស់ក្នុងការបង្ការការចម្លងមេរោគកូវីដ១៩ ថ្មី តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី៕