(កំពង់ធំ)៖ លោក សុខ លូ អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ បានចុះទៅដោះស្រាយ បញ្ហាប្រឈមមួយចំនួន ជូនប្រជាពលរដ្ឋរស់នៅ ស្រុកសណ្តាន់ ដែលបញ្ហាខ្លះបានក្លាយជាជម្ងឺមហារីកទៅហើយ។ ការដោះស្រាយប្រជុំជាមួយ ប្រជាពលរដ្ឋខាងលើនេះ លោក សុខ លូ បានឲ្យប្រជាពលរដ្ឋលើកឡើង នូវបញ្ហាប្រឈមនានា ដើម្បីយកទៅដោះស្រាយជូន ដោយមិនទុកឲ្យបញ្ហាទាំងនេះក្លាយជា ជម្ងឺមហារីកនោះទេ។
ជាមួយគ្នានេះ លោក សុខ លូ បានប្រាប់ទៅបងប្អូនត្រូវពិនិត្យពិចារណា ថ្លឹងថ្លែងឲ្យបានច្បាស់លាស់ កុំចេះតែជឿពាក្យញុះញង់ មូលបង្កាច់របស់ជនអគតិមួយចំនួន ត្រូវគិតពីសន្តិសុខ សុវត្ថិភាព គិតតែពីមុខរបរប្រចាំអាយុជីវិត ហើយខិតរក្សាឲ្យ ភូមិ-ឃុំមានសុវត្ថិភាព កុំឲ្យមានចោរលួច ឆក់ ប្លន់ គ្រឿងញៀន ពោលត្រូវយកចិត្តទុកដាក់ ជួយទុក្ខធុរៈគ្នានៅតាម ឃុំភូមិ ហើយត្រូវបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានឲ្យបានទាន់ពេលវេលា។
លោកក៏បានដាក់ផែនការឲ្យក្រុមការងារ ត្រូវពិនិត្យលើរចនាសម្ព័ន្ធរបស់ឃុំពិនិត្យលើបច្ចុប្បន្នភាពភូមិ ពិនិត្យលើរបាយការណ៍នូវបញ្ហាប្រឈម និងកង្វះខាតដើម្បីរកដំណោះស្រាយ ផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋឲ្យ ទៅធ្វើអត្តសញ្ញាបណ្ណចាប់ ពីអាយុ១៥ឆ្នាំឡើងទៅ ព្រមទាំងជំរុញឲ្យក្រុមការងារផ្សព្វផ្សាយគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេស ជំរុញពង្រីកបណ្តាញអគ្គិសនីតាមមូលដ្ឋាន ការផ្ទេរមរតកឪពុកម្តាយទៅកូន ពីជីដូនទៅចៅ។
ការដោះស្រាយមិនឲ្យធ្វើប័ណ្ណបើកបរ លើមធ្យោបាយកំលាំងម៉ូតូ១២៥ចុះ គ្រាន់មានអត្តសញ្ញាប័ណ្ណ និងបានបញ្ចុះតម្លៃអគ្គិសនីចាប់ពីខែមេសា ឆ្នាំ២០១៦ នៅត្រឹម៦១០រៀល ចំពោះអ្នកប្រើប្រាស់ក្រោម៥០Kw និងតម្លៃ៨០០រៀល ចំពោះអ្នកប្រើលើសពី ៥០Kw ឡើងទៅ។ ជាចុងបញ្ចប់លោក សុខ លូ បានផ្តាំផ្ញើដល់ក្រុមការងារឲ្យធ្វើអំពើល្អ ជាគំរូល្អ ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្ត ហើយអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕