(កោះកុង)៖ ស្រ្តីម្នាក់បានពាក់ខ្សែកមាស ទម្ងន់៥ជី ខណៈជិះម៉ូតូទៅផ្ទះវិញ ក្រោយពីទិញឥវ៉ាន់រួច ស្រាប់តែត្រូវក្រុមចោរជិះតាមក្រោយ ដល់ចំណុចផ្លូវស្ងាត់ ក៏ធ្វើសកម្មភាពឆក់ខ្សែកនោះ ធ្វើឲ្យស្រ្តីរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវដឹកទៅព្យាបាល នៅគ្លីនិចឯកជនមួយ ប៉ុន្តែគួរឲ្យហួសចិត្តនៅពេលដែលចោរឆក់នេះធ្វើសកម្មភាពរួចក៏ជិះម៉ូតូត្រឡប់ទៅសុំទោសស្រ្តីរងគ្រោះវិញ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅជិតស្ពានអូរស្រណោះ នៅលើដងផ្លូវជាតិលេខ៤៨ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ មន្រ្តី អ.ហ ក្រុងខេមរភូមិន្ទបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ សាក់ ភាព អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
មន្រ្តីដដែលបានឲ្យដឹងទៀតថា បើតាមចម្លើយពីជនរងគ្រោះ មុនពេលកើតហេតុ គាត់បានជិះម៉ូតូចេញពីផ្សារទៅផ្ទះ ហើយមានម៉ូតូជិះក្រោយតែគាត់អត់ចាប់អារម្មណ៍ ដល់ពេលក្រុមចោរជិះមកជិតធ្វើសកម្មភាពឆក់ធ្វើឲ្យគាត់ ដួលម៉ូតូរងរបួស តែម្តងពេលវាឆក់បានសម្រេចហើយក្រុមចោរជិះម៉ូតូបានប្រហែល១០ម៉ែត្រ ក្រុមចោរក៏វិលមកវិញសុំទោសគាត់។
ពេលនោះស្រ្តីរងគ្រោះឃើញខ្សែកគាត់ នៅដៃក្រុមចោរគាត់កញ្ឆក់យកបានមកវិញ ហើយធ្វើការប្រតាយប្រតប់គ្នាបន្តិច ក្រុមចោរជិះម៉ូតូគេខ្លួនបាត់ គាត់ក៏ទូរសព្ទ័ ប្តឹង អ.ហតែម្តង។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងអាវុធហត្ថបានទៅជួយអន្តរាគមន៍ភ្លាម តែក្រុមចោរបានគេចខ្លួនបាត់។ លោកបានបញ្ជាក់ថា ឥឡូវកម្លាំងរបស់លោកកំពុងស្រាវជ្រាវ រុករកមុខសញ្ញា៕