(ភ្នំពេញ)៖ អស់ទាស់យុវសិស្សរៀន នៅសាលាឯកជនម្នាក់ បានបើកម៉ូតូទៅបុកបង្គោលភ្លើង នៅលើស្ពានជ្រោយចង្វារចាស់ បណ្តាលឲ្យបើុងធ្លាក់ទៅក្រោម នៅវេលាម៉ោង១២ថ្ងៃត្រង់ទី៣០ ខែមករា ឆ្នាំ២០១៦នេះ ខណ:ដែលរូបគេចេញពីសាលាបើកម៉ូតូផ្ទះ។
ប៉ុន្តែអាចចាត់ទុកសំណាងហើយ ដែលជនរងគ្រោះ មិនធ្លាក់ចូលទឹក គឺធ្លាក់នៅត្រើយខាងលិចនៅលើដី បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងស្រែកឲ្យគេជួយ យកទៅពេទ្យ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះដែលមិនទាន់ស្គាល់អត្តសញ្ញាណនោះ មុនពេលកើតហេតុ បានបើកម៉ូតូតែម្នាក់ឯង ក្នុងល្បឿនលឿនគួរសម ពីទិសខាងលិចទៅទិសខាងកើត ហើយប្រហែលជារវល់ងាកមើលអ្វីហើយ ឫមួយភ្លេចភ្លាំង ក៏ជ្រុលទៅបុកបង្គោលភ្លើងពេញមួយទំហឹង បណ្តាលឲ្យបើុង ធ្លាក់មកក្រោមស្ពានលើដី និងថ្ម បែកមុខមាត់ អាចបាក់ជើងទៀតផង ខណ:ម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេជួយហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗផងដែរ៕