Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អញ្ជើញបិទវគ្គបណ្តុះបណ្តាលអំពីច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងជំនាញស៊ើបអង្កេត, បង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់

11-09-2020 17:49

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលអំពី ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ ប្រកបដោយជោគជ័យ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

វគ្គនេះបានដំណើរការរយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ សិក្ខាកាមមកពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សរុបចំនួន៧៥នាក់ (ស្រី០៦នាក់)។ ខ្លឹមសារមេរៀន នៃវគ្គបណ្តុះបណ្តាលនេះ រួមមាន៖ សភាពការណ៍គ្រឿងញៀន, តួនាទី ភារកិច្ច របស់ការិយាល័យចំណុះ មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន, ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, ជំនាញកសាងកម្លាំងមូលដ្ឋានសម្ងាត់, ជំនាញស្រាវជ្រាវស៊ើបអង្កេតបទឧក្រិដ្ឋកម្ម គ្រឿងញៀន, កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន, នីតិវិធី និងកសាងសំណុំរឿង, កំណត់អត្តសញ្ញាណគ្រឿងញៀន, ជំនាញធ្វើតេស្ត ថ្លឹង និងវេចខ្ចប់គ្រឿងញៀន និងជំនាញស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។

លទ្ធផលក្រោយបញ្ចប់វគ្គ តាមការធ្វើតេស្តវាយតម្លៃអំពីកម្រិតយល់ដឹងដែលសិក្ខាកាម ទទួលបានក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ គឺមាន៧៦ភាគរយ ចាប់យកមេរៀន និងមានការ យល់ដឹងបានល្អ រីឯ២៤ភាគរយទៀត ទទួលបានមធ្យមប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានផ្តល់កិត្តិយសប្រគល់លិខិតបញ្ជាក់ការ សិក្សាជូនដល់ សិក្សាកាម និងផ្តល់នូវមតិណែនាំដល់សិក្ខាកាម ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលនេះផងដែរ៕