(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង បានថ្លែងជំរុញ និងដាស់តឿន ដល់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសទាំងអស់ ប្រឹងប្រែងបង្កើនសកម្មភាពការងារ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ និង ដោះស្រាយរាល់បញ្ហារបស់ពលករខ្មែរ នៅក្រៅប្រទេស។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឲ្យឯកអគ្គរាជទូត និងអគ្គកុងស៊ុល ត្រូវប្រឹងប្រែងផ្សព្វផ្សាយសក្តានុពល វិនិយោគរបស់កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគ។
ការជំរុញរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ ឯកអគ្គរាជទូត និង អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រៅប្រទេសនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ។ កិច្ចប្រជុំជំរុញការងាររបស់ឯកអគ្គរាជទូត និង អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រៅប្រទេសនេះ បានធ្វើឡើងបន្ទាប់ពីមានការព្រមាន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅក្នុងសន្និបាតលើកទី៣៩ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ថា នឹងដកឯកអគ្គរាជទូតខ្មែររូបណា ដែលមិនសកម្មក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋនៅក្រៅប្រទេស។
ខាងក្រោមនេះ គឺជាលទ្ធផល នៃកិច្ចប្រជុំនាព្រឹកមិញនេះ៖
- យកចិត្តទុកដាក់តាមដានសភាពការណ៍នៅក្នុងប្រទេស ពិសេសគឺ Facebook និង Website របស់សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី និង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យបានជាប់ជារៀងរាល់ថ្ងៃ។
- យកចិត្តទុកដាក់តាមដានរាល់ការផ្សាយព័ត៌មាន ទាក់ទងនឹងកម្ពុជា របស់ប្រព័ន្ធឃោសនាជាតិ។
- បន្តធ្វើការផ្សព្វផ្សាយពីការរីកចម្រើន លើគ្រប់វិស័យ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស។
- យកចិត្តទុកដាក់ដល់ការការពារ និងជួយឲ្យបានជាអតិបរមា នូវរាល់បញ្ហារបស់ពលរដ្ឋកម្ពុជា ពិសេសគឺពលករទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃ/ នៅសាធារណៈរដ្ឋកូរ៉េ និងបញ្ហាស្ត្រីខ្មែរនៅប្រទេសម៉ាឡេស៊ី និង ប្រទេសចិន។
- នៅប្រទេសថៃ ត្រូវបន្តជំរុញឲ្យអាជ្ញាធរថៃផ្តល់ប័ណ្ណការងារ (Work Permit) និងទិដ្ឋាការស្នាក់នៅដល់ពលករខ្មែរ ដោះស្រាយរាល់ការរំលោភបំពានផ្សេងៗរបស់និយោជកមកលើពលករខ្មែរ ផ្តល់ការគាំទ្រផ្នែកច្បាប់និងការផ្តល់មេធាវីក្នុងករណីឡើងតុលាការ ការទាមទារសំណងផ្សេងៗ សំរួលការធ្វើមាតុភូមិនិវត្តន៍។ល។
- នៅប្រទេសកូរ៉េ ត្រូវបន្តចុះសួរសុខទុក្ខពលករ ហើយដោះស្រាយនូវរាល់បញ្ហា ដែលពលករជួបប្រទះ។
- នៅប្រទេសចិន ត្រូវបន្តសហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះ និងរៀបចំការធ្វើមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរ ដែលរងគ្រោះដោយសារការជួញដូរស្រ្តី។
- នៅប្រទេសម៉ាឡេស៊ី ត្រូវបន្តការការពារផលប្រយោជន៍ស្រ្តីខ្មែរ ដែលទៅធ្វើការជាអ្នកបម្រើតាមផ្ទះ ដូចជាការបង្ខំអោយ ធ្វើការងារហួសកំណត់ ការបំពានលើ រាងកាយ ការផ្តល់ប្រាក់បៀវត្សមិនបានត្រឹមត្រូវ និងទៀងទាត់តាមការកំណត់ ការជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍។ល។
- នៅប្រទេសឥណ្ឌូនេស៊ី បន្តជួយសង្គ្រោះពលរដ្ឋកម្ពុជា ដែលទទួលរងគ្រោះ ទៅធ្វើជាកម្មករលើទូកនេសាទរបស់ថៃ/ម៉ាឡេស៊ី។
- យកចិត្តទុកដាក់ស្វែងរកអាហារូបករណ៍ សំរាប់និស្សិតកម្ពុជា យកចិត្តទុកដាក់ចំពោះនិស្សិត ដែលកំពុងសិក្សានៅក្នុងប្រទេសតាំងនៅ ក៏ដូចជាចំពោះនិស្សិត ដែលកំពុងរស់នៅក្នុងប្រទេសតាំងនៅ ដូចជានៅប្រទេសបារាំង បណ្តាប្រទេសសមាជិក EU សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលហ្សេឡង់។ល។ និងជួយដោះស្រាយរាល់បញ្ហារបស់និស្សិត។
- យកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសតាំងនៅ ទោះជាមានសញ្ជាតិបរទេស ក៏ដោយ ក៏គេនៅតែជាខ្មែរដែរ។ រាល់ការចេញលិខិតបញ្ជាក់ផ្សេងៗ និងការផ្តល់សេវាកុងស៊ុល ត្រូវធ្វើដោយឥតគិតថ្លៃ និងឆាប់រហ័សទាន់ពេលវេលា។
- ដើម្បីជំរុញភ្ញៀវទេសចរណ៍មកកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ការផ្តល់ទិដ្ឋាការចូលមកកម្ពុជាត្រូវធ្វើឲ្យបានឆាប់រហ័ស និងជៀសវាងការយកតម្លៃ លើសពីការកំណត់របស់រដ្ឋ។
- ដើម្បីទាក់ទាញវិនិយោគគិន ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ ពីកត្តាអនុគ្រោះ សម្រាប់ការវិនិយោគនៅកម្ពុជា៕