(កំពង់ធំ)៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលដឹកនាំដោយ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ បានរៀបចំវេទិកាសាធារណៈមួយ ដើម្បីធ្វើការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាមួយចំនួន ក៏ដូចជាការឆ្លើយតបទៅនឹងការសំណូម របស់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតនាពេលបច្ចុប្បន្ន។

ការរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ ធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំស្តីពី «ការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» ដោយមានការចូលរួមពីលោក លេង ផាលី រួមនិងថ្នាក់ដឹកនាំជាច្រើនរូបនៃក្រុមការងារ ក្នុងនោះក៏មានការចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរ និងឃុំទាំង៩ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ សរុបចំនួន៦២នាក់។

នាឱកាសនោះលោក លេង ផាលី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ បានឲ្យដឹងថា ការរៀបចំវេទិកាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនេះ ធ្វើឡើងដើម្បីជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ជូនប្រជាពលរដ្ឋអោយបានល្អ និងជាពិសេសគឺសេវាសាធារណ:ជូនប្រជាពលរដ្ឋ អោយមានប្រសិទ្ធិភាពថែមទៀត សំដៅអោយប្រជាពលរដ្ឋមានការជឿទុកចិត្ត និងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន។

បន្ថែមពីនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ បើទោះបីនៅកម្ពុជា ពុំទាន់មានករណីឆ្លងក្នុងសហគមន៍ក្តី ដោយសំណូមពរឲ្យប្រជាពលរដ្ឋត្រូវមានអនាម័យស្អាតជានិច្ច និងត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលបានផ្សព្វផ្សាយនាពេលកន្លងមក។

លោក លេង ផាលី បន្ថែមថា «ក្រៅពីជំងឺកូវីដ១៩ បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នផងដែរ ចំពោះជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ដែលកើតចេញពីការមូសខាំ ហើយជំងឺប្រភេទនេះកើតក្នុងអំឡុងរដូវវស្សានេះផងដែរ។ សូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ ចៀសវាងមានជំងឺផ្សេងៗ ដែលនាំឲ្យមានផលវិបាកចំពោះគ្រួសារទាំងមូល»

ក្រោយពីបញ្ចប់នៃវិទិកាសាធារណៈដោយបានដោះស្រាយបញ្ហាមួយចំនួនជូនដល់ប្រជាពលរដ្ឋនោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ បានចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រតាមខ្នងផ្ទះ ចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករក្រអូប១ការ៉ុង ស្មើ២៥គីឡូក្រាម ពូជសំរាប់ដាំដំណាំចំនួន៥មុខ (ត្រឡាច, ត្រសក់ស្រូវ, ននោង, ស្ពៃ និងល្ហុង) ថវិកាចំនួន២ម៉ឺនរៀល ចែកថ្នាំពេទ្យផ្នែកជំងឺផ្លូវចិត្តចំនួន៨១នាក់។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ បានសម្រេចចិត្តឧបត្ថម្ភជួយជួសជុលផ្លូវមួយខ្សែ ប្រវែង២៣គីឡូម៉ែត្រ ក្នុងឃុំសុចិត្រ ដែលគិតជាថវិកាប្រមាណជាង២០លានរៀល តាមសំណូមពរបស់ប្រជាពលរដ្ឋក្នុងឃុំនេះ។ ក្រុមការងារទាំងអស់ក៏បានចុះត្រួតពិនិត្យមើលការជួសជុលផ្លូវលំមួយនេះ ដើម្បីជំរុញពន្លឿនក្នុងការជួសជុល ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានយ៉ាងងាយស្រួល។

ថវិកាប្រមាណ២០លានរៀល របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ បានប្រគល់ជូនដល់អាជ្ញាធរមូលដ្ឋានរួចរាល់ហើយ ដើម្បីធ្វើការជួសជុលលើផ្លូវលំ ប្រវែង២៣គីឡូម៉ែត្រ នៅក្នុងឃុំសុចិត្រ។

ជាមួយគ្នានោះដែរ ក្រោមបញ្ចប់នៃកិច្ចប្រជុំស្តីពី «ការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» និងវេទិកាសាធារណៈនោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ក៏បានចូលរួមកាន់បិណ្ឌទី៨ នៅវត្ត «មហាពោធិព្រឹក្ស» ហៅថា «វត្តបឹងប្រា» និងបានពាំនាំទេយ្យទានមួយចំនួនដូចជា អង្ករ១០០គីឡូក្រាម មី ទឹកស៊ីអ៉ីវ សាប៊ូ និង ជូនថវិកាមួយចំនួនដល់យាយតានៅក្នុងវត្ត ក្នុងនោះក៏បានធ្វើការជជែករកដំណោះស្រាយមួយចំនួនជូនដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ «ការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» និងការបើកវេទិកាសាធារណៈដោយបានចែកជូនថវិកា និងថ្នាំសង្កូវ រួមជាមួយនឹងការចូលរួមកាន់បិណ្ឌទី៨ នៅវត្ត «មហាពោធិព្រឹក្ស» ហៅថា «វត្តបឹងប្រា» របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ បានចំណាយថវិកាសរុបចំនួនប្រមាណ១៥លានរៀល៕