(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ច្រាំងទន្លេវ៉ៃគោ ផ្នែកខាងត្បូងប្រវែង ១៥៤ម៉ែត្រ តភ្ជាប់ពីខាងលិចធ្វើរួចរាល់ប្រវែង ៩៧៥ម៉ែត្រ (ទំនប់តាណេង) ស្ថិតនៅភូមិមេភ្លើង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។
ពិធីនេះ បានប្រតព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្តនិងលោក លោកស្រី នាយក នាយករង រដ្ឋបាល សាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព នានាក្នុងខេត្ត លោកនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត តំណាងកងកម្លាំងទាំង៣ អភិបាលក្រុងស្វាយរៀង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ច្រាំងទន្លេ ដែលត្រូវក្រុងពាលីស្ថាបនា ពេលនេះមានប្រវែង១៥៤ម៉ែត្រ ផ្នែកខាងត្បូង បន្ថែមពីលើច្រាំងផ្នែកខាងលិចមានប្រវែង ៩៧៥ម៉ែត្រ ហើយនៅជំហានបន្ទាប់ខាងរដ្ឋបាលខេត្តនឹងរៀបចំក្រាលការ៉ូឡាបំពាក់ភ្លើងបំភ្លឺសួនច្បារ ដាំដើមឈើ លម្អ កន្លែងហាត់ប្រាណ ព្រមទាំងមានរៀបចំវេទិកា សម្រាប់ប្រារព្ធពិធីប្រណាំងទូកហើយ ការអភិវឌ្ឍ និងកែលម្អច្រាំងទន្លេវ៉ៃគោនេះ គឺជាគម្រោងផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្នុងក្រុង និងជាកន្លែងកម្សាន្តលំហែអារម្មណ៍ ហាត់កីឡា ព្រមទាំងជាផ្នែកមួយចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋ និងជំរុញ ចលនាប្រឡងប្រណាំងទីក្រុងស្អាត ហើយក៏ជាសំណង់ដៃប្រត្តិសាស្ត្រសម្រាប់ខេត្តស្វាយរៀងផងដែរ។
ចំពោះគម្រោងអភិវឌ្ឍនេះ រដ្ឋបាលខេត្តសង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្វាយរៀង និងអបអរសាទរទទួលយកសមិទ្ធផលថ្មី ដែលជាប្រយោជន៍រួមនេះដោយក្ដីរីករាយ៕