(រតនគិរី)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ព្រមទាំងលោក លោកស្រីស្នងការរង, នាយការិយាល័យ, មេបញ្ជាការវរការពារព្រំដែនគោកលេខ៦២៣, លោកអធិការនគរបាលស្រុកអូរយ៉ាដាវ, មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្ធារអន្តរជាតិ អូរយ៉ាដាវ និងពុទ្ធបរិស័ទ្ធជិតឆ្ងាយចូលរួមសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តសីមាសុវណ្ណគិរីទី រួមស្រុកអូរយ៉ាដាវ។

ពិធីបុណ្យកាន់បិណ្ឌវេណទី៩នេះ បានប្រព្រឹត្តទៅតាំងពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការជួបជុំលោកស្នងការ ស្នងការរង នាយការិយាល័យ លោកអធិការស្រុកអូរយ៉ាដាវ ពុទ្ធបរិស័ទចំណុះជើងវត្ត ភ្ញៀវកិត្តិយសចូលរួមសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធ៌មទេសនា។

លុះដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានពិធីប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្រ បង្សកូលទទ្ទេសមគ្គផលដល់បុព្វការីជន ដែលបានចែកឋានទៅកាន់សុគតិភព និងវេរភត្តាហារប្រគេនព្រះសង្ឃ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន និងមន្ត្រីនគរបាលក្រោមឱវាទ បានប្រគេនបច្ច័យ និងទេយ្យទានដល់វត្តនេះមាន អង្ករ៤បាវ (ទំងន់២០០គីឡូក្រាម), ទឹកសុទ្ធ, ទឹកផ្លែឈើ, មី, ត្រីខ, ស្លាដក់មួយចំនួន និងបច្ច័យចំនួន៦,២១៥,០០០រៀល សម្រាប់កសាងក្នុងទីអារាមនេះ។

ដោយឡែកលោកតាអាចារ្យចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងយាយជីចំនួន៤នាក់ ទទួលបានម្នាក់ៗ ចំនួន៥ម៉ឺនរៀលផងដែរ៕