(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានជំរុញឱ្យថ្នាក់ដឹកនាំ និងសកម្មជនក្នុងបក្សរបស់ខ្លួន ចាប់ផ្តោតអារម្មណ៍ លើរឿងរបស់ខ្លួនឯង ច្រើនជាងរឿងរបស់គណបក្សដទៃ ដោយត្រៀមខ្លួនសម្រាប់ការ បោះឆ្នោតនាពេលខាងមុខនេះ។
ការអំពាវនាវនេះ បានធ្វើឡើង នៅពេលដែលោកជួបសំណេះសំណាលជាមួយសកម្មជន នៃគណបក្សសង្រ្គោះជាតិ នៅក្នុង «វេទិកាសកម្មជនមូលដ្ឋាន» នៅក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។
លោក កឹម សុខា លើកឡើងថា «មិនបាច់ទៅឆ្លើយទៅឆ្លងទៅឈ្មោះអីនោះទេ នាំតែគេធ្វើបាបបងប្អូនទេ គេធ្វើបាប សម រង្ស៊ី, កឹម សុខា ប៉ុណ្នឹងល្មមហើយ កុំឱ្យធ្វើបាបបងប្អូនទៀត យើងត្រូវដើរតាមផ្លូវមួយ ដើម្បីឈានទៅរកការដឹកនាំប្រទេស ដោយសន្តិវិធី ដូច្នេះខ្ញុំសំណូមពរ ឱ្យសកម្មជន សកម្មនារីរបស់យើង ដែលជាផែនការយុទ្ធសាស្រ្ត យើងជួបថ្ងៃនេះ ហើយដែលជួបតាមខេត្តនានា គឺដើម្បីឱ្យបងប្អូនចាប់អារម្មណ៍ រឿងរបស់យើង ឱ្យច្រើនជាងរឿងរបស់គេ រឿងគេយើងទុកមួយដុំចុះបងប្អូន»៕