(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានចាត់ទុកនិស្សិតកម្ពុជា ជាប់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសមិនត្រឹមតែជាអ្នកទទួលបានឱកាសទៅក្រេបយកចំណេះដឹងប៉ុណ្ណោះទេ តែក៏ជាទូតរបស់កម្ពុជាអាចជួយផ្សព្វផ្សាយប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ។
ក្នុងឱកាសអនុញ្ញាតឱ្យនិស្សិតកម្ពុជាទទួលបានអាហារូបករណ៍ក្រោមកម្មវិធីអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ឆ្នាំសិក្សា២០២០-២០២១ ជួបសម្តែងការគួរសម និងទទួលដំបូន្មានផ្សេងមុនចេញទៅសិក្សានៅប្រទេសជប៉ុននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា និស្សិតកម្ពុជាដែលចេញទៅសិក្សានៅក្រៅប្រទេសត្រូវចេះជួយផ្សព្វផ្សាយពីវឌ្ឍនភាព និងសក្តានុលពលវិនិយោគរបស់កម្ពុជា។ បន្ថែមពីលើនោះ ក៏ត្រូវចេះជួយបំផុសឱ្យអ្នកវិនិយោគបរទេសមករកស៊ីនៅកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រីបានថ្លែងទៅកាន់និស្សិតអាហារូបករណ៍ទាំងនោះយ៉ាងដូច្នេះ «ក្មួយៗទាំងអស់ ត្រូវចេះផ្សព្វផ្សាយអំពីសមិទ្ធផល និងភាពរីកចម្រើនរបស់ប្រទេសជាតិ ទៅកាន់មជ្ឈដ្ឋានខាងក្រៅ។ ត្រូវចេះបំផុសឱ្យប្រជាជន និងវិនិយោគិនជប៉ុន ចូលមកទស្សនា និងបណ្តាក់ទុនកាន់តែច្រើន នៅក្នុង ប្រទេសយើង»។
ក្នុងជំនួបនេះលោក ប៉ាន សូរស័ក្តិ ក៏បានណែនាំនិស្សិតអាហារូបករណ៍ទាំងអស់ ប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងអត្តចរិតថ្លៃថ្នូរឱ្យស័ក្តិសមជាយុវជន និងយុវនារី តំណាងប្រទេសជាតិ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ ជាមួយនិស្សិតជប៉ុន និងនិស្សិតមកពីប្រទេសដទៃទៀត។
ដើម្បីជាទុននៃការយល់ដឹងបន្ថែមសម្រាប់និស្សិតអាហារូបករណ៍ទាំងនេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានគូសរំលេចអំពីសមិទ្ធផល និងការងារសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានកន្លងមក។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយការអនុវត្តកម្មវិធីកំណែទម្រង់ និងគោលនយោបាយស្តីពីពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលនោះ ក្រសួងសម្រេចបាននូវសមិទ្ធផលជាច្រើនមានដូចជា៖ ការធ្វើប្រតិភូកម្មជូនទៅបណ្តាខេត្តជាប់ព្រំដែនចំនួន១៦ មានសិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី (CO Form D) ដើម្បីនាំចេញកសិផលទៅតំបន់អាស៊ីអាគ្មេយ៍, ការធ្វើប្រតិភូកម្មឲ្យមន្ទីរ ពាណិជ្ជកម្មខេត្ត អាចមានសិទ្ធិអំណាច ក្នុងការរៀបំពិព័រណ៍នៅតាមខេត្ត , ការធ្វើប្រតិភូកម្ម ឲ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតអាជីវកម្ម និងសេវាកម្ម, ការធ្វើប្រតិភូកម្មឲ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតឲ្យប្រកបមុខរបរលោហធាតុត្បូងថ្មមានតម្លៃ គ្រឿងអលង្ការគ្រប់ប្រភេទ និងការបិទស្លាកទំនិញជារូបិយប័ណ្ណ នៅតាមទីផ្សារ។
លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសមិទ្ធផលសំខាន់មូួយទៀតរបស់ក្រសួង គឺការរៀបចំក្រុមការងារចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួន៨ ក្រុម ទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសចិន, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េ, សហភាពសេដ្ឋកិច្ច អឺរ៉ុបអាស៊ី (EAEU), អាមេរិក, ជប៉ុន, ម៉ុងហ្គោលី និងឥណ្ឌា។ បន្ថែមពីលើនោះ កម្ពុជាទើបតែសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយចិន ដែលទើបចរចាបញ្ចប់ដោយជោគជ័យ ហើយត្រៀមចុះហត្ថលេខានាពេលឆាប់ៗខាងមុននេះ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងការអបអរសាទ និងលើកទឹកចិត្តដល់បេក្ខជនជ័យលាភីអាហារូបករណ៍ ក្រោមកម្មវិធីអភិវឌ្ឍធនធានមនុស្ស របស់ប្រទេសជប៉ុន (JDS) ទាំងអស់ ឱ្យប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង មកចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសប្រទេសជាតិ។
សូមជម្រាបថា កម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ជប៉ុន (JDS) គឺជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ជួយពង្រឹងការអភិវឌ្ឍធនធានមនុស្ស។ គម្រោងនេះបានចាប់តាំងពីឆ្នាំ២០០០ ដើម្បីផ្តល់ឱកាសជូនមន្ត្រីរាជការ វ័យក្មេងរបស់កម្ពុជា ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នា ក់បណ្ឌិត លើមុខជំនាញផ្សេងៗនៅតាមសាកលវិទ្យាល័យល្បីៗ ក្នុងប្រទេសជប៉ុន។ គិតមកដល់ឆ្នាំ២០២០នេះ មាននិស្សិតកម្ពុជាចំនួន ៤១៦នាក់ហើយ ដែលបានទទួលអាហារូបករណ៍នេះ៕