(កណ្តាល)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា, ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ (ITF) លើកឡើងថា ក្នុងនាមកីឡាករ កីឡាការិនីតេក្វាន់ដូ គឺមិនមែនត្រឹមតែបង្ហាញសមត្ថភាពលើឆាកប្រកួតនាំយកមេដាយជូនជាតិមាតុភូមិ និងបង្ហោះទង់ជាតិនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែត្រូវចូលរួមធ្វើសកម្មភាពមនុស្សធម៌ សប្បុរសធម៌ ជូនអ្នកខ្វះខាតដូចភ្លៀងរលឹម។
ការលើកឡើងបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមការងារសហពន្ធ័កីឡាតេក្វាន់-ដូ ITFកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា ផ្តល់ជូនកុមារ នៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
លោក កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះថា៖ «សហព័ន្ធតេក្វាន់ដូ ITF ដែលធ្លាប់ដណ្ដើមបានជើងឯក ITF ពិភពលោកបង្ហោះទង់ជាតិលើឆាកអន្តរជាតិ នាំមេដាយជូនជាតិមាតុភូមិ ហើយអ្វីដែលជាសារៈសំខាន់សម្រាប់ទស្សនៈខ្ញុំផ្ទាល់ មិនមែនយើងសាងគុណសម្បត្តិតែប៉ុណ្ណឹងនោះទេ សំខាន់គឺបណ្ដុះនូវទឹកចិត្តមេត្តាធម៌ និងចិត្តសប្បុរស។ កីឡាករ កីឡាការិនី កាន់តែមានក្បាច់គុណខ្លាំងក្លា កាន់តែសុភាព គោរពវិន័យ មានសាមគ្គីផ្ទៃក្នុង ជាពិសេសត្រូវបានចិត្តមេត្តាធម៌ ចេះសណ្តោស ចេះអាណិត ចេះជួយចូលរួមក្នុងកិច្ចការងារសង្គម នេះជាចំណុចមួយសំខាន់ដែលខ្ញុំផ្ញើសារចេញថា ITF គឺខ្ញុំនាំពួកគេមក ដើម្បីវឹកវើនផ្លូវចិត្តឱ្យចេះស្រឡាញ់គ្នា ចេះជួយយកអសារគ្នានៅក្នុងគ្រាក្រ»។
នេះជាលើកទី៦ ដែលលោក កែវ រ៉េមី បានដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសហព័ន្ធកីឡា ITF ចុះជួយជ្រោមជ្រែងដល់អង្គការ «ការអភិវឌ្ឍកុមារកម្ពុជា» ដោយនាំមកនូវសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនផងដែរ ដោយសម្ភារទាំងនោះមួយចំនួនទទួលបានការឧបត្ថម្ភពីសំណាក់សប្បុរសជន ក្នុងប្រទេស និងក្រៅប្រទេសជាដើម។
លោក កែវ រ៉េមី ក៏បានកោតសរសើរចំពោះ លោកស្រី ឈូក សីហា នាយិការប្រតិបត្តិអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ដែលបានបង្កើតជាកន្លែងដ៏កក់ក្តៅ ដើម្បីជួយដល់កុមារ ដែលជួបការនូវលំបាកគ្រប់រូបភាព តាមរយៈការផ្តល់កន្លែងស្នាក់នៅ អាហារ និងការសិក្សាអប់រំ។ ទាំងនេះជាគំរូដ៏វិសេសវិសាល ក្នុងការចូលរួមជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្ស ជាពិសេសសិទ្ធិកុមារ។
មេសិទ្ធិមនុស្សកម្ពុជា បានបង្ហាញពីក្តីសង្វែកនៅពេលមានពិធីបុណ្យទានម្តងៗ កុមារផ្សេងៗទៀត ពួកគេបានជួបជុំជាមួយក្រុមគ្រួសារ សាច់ញាតិ ប៉ុន្តែសម្រាប់កុមារតូចៗ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា រស់នៅខ្វះភាពកក់ក្តៅ។ ចំណុចនេះ ទើបធ្វើឱ្យលោកតែងតែនឹកឃើញដល់កុមារកំព្រា និងមកលើកទឹកចិត្ត ព្រមទាំងផ្តល់អំណោយជាសម្ភារផ្សេងៗ ដើម្បីជាចំណែកចូលរួមកាត់បន្ថយការលំបាករបស់ពួកគេ ដូច្នេះ សូមអំពាវនាវដល់អ្នកដែលមានធនធាន សូមចូលរួមចំណែកជួយឧបត្ថម្ភ ដល់កុមារកំព្រា និងអ្នកក្រខ្សត់ផងដែរ។
នៅក្នុងឱកាសនោះដែរលោក កែវ រ៉េមី ក៏បានបណ្តុះគំនិតដល់ប្អូនៗ កីឡាករ កីឡាការិនីតេក្វាន់ដូ ITFកម្ពុជា ទាំងអស់ថា ត្រូវចូលរួមធ្វើការងារសង្គម តាមរយៈកិច្ចការងារមនុស្សធម៌ ចូលរួមសំអាតសំរាមនៅតាមទីសាធារណៈ ហើយលោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្ស និងសហពន្ធ័កីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានចូលរួមបរិច្ចាកធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់កុមារកំព្រានៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» នៅនាឱកាសនេះ៕