(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយបានចាត់មន្ត្រីជំនាញចុះ តម្រង់ទិសវិជ្ជជីវដល់សិស្សថ្នាក់ទី១២ ទូទាំងរាជធានី ចំនួន៣៤វិទ្យាល័យ ដែលគ្រោងនឹងមានសិស្សចំនួន ៧៨០០នាក់ ចូលរួម។
លោក ថង សាម៉ុន អនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារ ការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ បានឲ្យដឹងថា គោលបំណងនៃការចុះ ទៅតម្រង់ទិសនៅតាមវិទ្យាល័យនេះ គឺដើម្បីឲ្យសិស្សានុសិស្ស បានដឹងអំពីស្ថានភាពការងារបច្ចុប្បន្ន និងទៅអនាគត ដែលស្ថានភាពសិក្សារបស់សិស្សនិស្សិតនៅថ្នាក់ឧត្តមសិក្សា នៅផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជជីវ នឹងតម្រង់ទិសដល់ពួកគាត់ថា តើពួកគាត់គួររៀនជំនាញណាមួយ ឲ្យត្រូវតាមការងារទីផ្សារ និងចំណងចំណូលចិត្តរបស់ខ្លួន ជៀសវាងការចំណាយវេលា និងថវិកា ហើយពិបាករកការងារធ្វើទៀត។
លោក ថង សាម៉ុន បានបន្តទៀតថា បច្ចុប្បន្ននេះ និស្សិតដែលកំពុងថ្នាក់ឧត្តមសិក្សាភាគច្រើន រៀនតាមឪពុកម្ដាយណែនាំ តាមការអូសទាញរបស់មិត្តភក្តិ ពុំមែនរៀនតាមចំណងចំណូលចិត្ត របស់ខ្លួនឯង ដោយពួកគេពុំទទួលបានព័ត៌មានទីផ្សារច្បាស់លាស់ ពោល គឺរៀនទាំងប្រថុយប្រថាន និងគ្មានផែនការច្បាស់លាស់។
លោកបន្ថែមថា បច្ចុប្បន្ននេះនិស្សិតភាគច្រើន ចូលចិត្តរៀនខាងផ្នែក ពាណិជ្ជកម្ម គណនេយ្យ សេដ្ឋកិច្ច ធនាគារ ទីផ្សារ គ្រប់គ្រងជាដើម ដែលទីផ្សារការងារត្រូវការត្រូវការតិចតួច ប៉ុន្តែផ្នែកបច្ចេកទេស វិញ គឺទីផ្សារការងារត្រូវការច្រើន តែពួកគាត់ចូលរៀន ក្នុងផ្នែកនេះតិចតូចនៅឡើយ។
អនុប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមការងារក្រសួងទាំងពីរ បានចុះផ្សព្វផ្សាយអប់រំនូវចវិទ្យាល័យ ១៣រួចហើយ ដែលមានសិស្សចូលរួមប្រមាណ ៣ពាន់នាក់ នៅសល់វិទ្យាល័យមួយចំនួនទៀត ក្រុមការងារក្រសួងទាំងពីរ ក៏កំពុងធ្វើការផ្សព្វផ្សាយអប់រំបន្ត។ នៅក្នុងការចុះអប់រំតាមវិទ្យាល័យទាំងនោះ សិក្សានុសិស្ស បានចោទសួរសំណួរទៅកាន់មន្ត្រី ប្រកបដោយក្ដីយកចិត្តទុកដាក់ ព្រោះពួកគេយល់ឃើញថា នេះជាប្រយោជន៍សម្រាប់អនាគតរបស់ពួកគេ។
ជាមួយគ្នានេះ នាយកសាលា ថ្នាក់ដឹកនាំសាលា និងលោកគ្រូ អ្នកគ្រូ តាមវិទ្យាល័យទាំងនោះ បានម្តែងនូវក្តីរីករាយ យ៉ាងខ្លាំងនៅពេលដែលក្រុមការងាររបស់ក្រសួងទាំង២ ចុះផ្សព្វផ្សាយអប់រំ ដល់សិស្សវិទ្យាល័យឲ្យពួកគាត់ បានយល់ដឹងជំនាញដែលត្រូវសិក្សានៅពេលខាងមុខ ដែលការអប់រំនេះ ពីមុនៗមកគ្មាននោះទេ។
ជាចុងក្រោយលោក ថង សាម៉ុន បានសំណូមពរ ដល់សិក្សានុសិស្សគួរពិចារណា មករៀនជំនាញបច្ចេកទេស វិជ្ជាជីវៈ ដែលទីផ្សារការងារត្រូវការច្រើន ដូចជាសំណង អេឡិចត្រូនិក អគ្គិសនី មេកានិក រថយន្ត បរិក្ខាត្រជាក់ និងវិស្វកម្មលោកហជាដើម៕