(ស្ទឹងត្រែង)៖ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្ដចុះផ្សព្វផ្សាយពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងនិន្នាការថ្មីៗរបស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ដោយបានរៀបចំសិក្ខាសាលាថ្នាក់ក្រុងស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សិក្ខាសាលានេះរៀបចំឡើងក្រោមការចូលរួមពីលោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីលោក និន សុខស្តី សមាជិកក្រុមប្រឹក្សាភិបាល ក្រុងស្ទឹងត្រែង, លោក សាយ កុសល អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុ មន្ត្រីធនាគារជាតិនៃកម្ពុជា បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋានប្រមាណ១០០នាក់។
សិក្ខាសាលាថ្នាក់ក្រុងស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងនេះរៀបចំទ្បើង ក្នុងគោលបំណងផ្សព្វផ្សាយពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងនិន្នាការថ្មីៗរបស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ពិសេសអំពីវិធានការនានា របស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញកន្លងមក និងនាពេលអនាគត ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍ របស់ពលរដ្ឋដែលរងផលប៉ះពាល់នៃ ការរីករាលដាលជំងឺកូវីដ១៩។
លោក រ័ត្ន សុវណ្ណនរៈ បានចេញនូវវិធានការមួយចំនួនបន្ថែមលើវិធានការជាច្រើន របស់ធនាគារជាតិនៃកម្ពុជាមាន៖
១៖ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហា ជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះស្របតាមស្មារតីនៃសារាចរណែនាំ របស់ធនាគារជាតិនៃកម្ពុជាស្តីពី ការរៀបចំឥណទានទ្បើងវិញសម្រាប់គ្រប់វិស័យ។
២៖ អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធិ ដើម្បីទប់ស្កាត់សកម្មភាពដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
៣៖ បន្តរក្សាអនាម័យ និងសុខភាពរបស់ខ្លួន ព្រមទាំងក្រុមគ្រួសារ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺកូវីដ១៩៕