(ភ្នំពេញ)៖ ការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវបានក្រសួងពាណិជ្ជកម្មចេញសេចក្ដីសម្រេច ខណៈដែលបច្ចុប្បន្ន ក្រុមការងារបច្ចេកទេស បាននិងកំពុងរៀបចំ សេចក្ដីព្រាងគោលគោលនយោបាយស្វាយចន្ទីកម្ពុជាជិតរួចរាល់ហើយ ដែលគ្រោងនឹងដាក់ឆ្លងក្រុមការងារចម្រុះ (អន្តរក្រសួង) នៅដើមខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។
បើតាមគម្រោង សេចក្ដីព្រាងគោលនយោបាយស្វាយចន្ទីកម្ពុជានេះ នឹងត្រូវបានអនុម័តយល់ព្រមដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងត្រីមាសទី១ ឆ្នាំ២០២១ខាងមុខ។
ជាក់ស្ដែង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជា ដោយមានការសហការគ្រាំទ្រ ដោយក្រុមហ៊ុនសានតាណា ដោយមានការចូលរួមពី លោក វ៉ា រុតសាន ប្រធានក្រុមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម, លោកឧកញ៉ា អ៊ុក គឹមសាន អគ្គនាយកក្រុមហ៊ុនសានតាណា, ឧត្តមសេនីយ៍ទោ ហង្ស សុខា នាយរងសេនាធិការកងទ័ពជើងគោក-ប្រធានការិយាល័យអភិវឌ្ឍន៍, លោក ងួន សែប អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន, លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក អាន គីមហេង អ្នកឯកទេសគោលនយោបាយកសិកម្ម និងសម្រួលធុរកិច្ច USAID–Harvest II និងលោក នង ស៊ីវុត្ថាន នាយកអង្គការ HEKS ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីនោះ លោក វ៉ា រុតសាន បានលើកឡើងថា ដើម្បីអាចអនុវត្តបាន ប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយជាតិស្វាយចន្ទី ដែលនឹងបញ្ចប់សេចក្ដីព្រាងនៅពេលខាងមុខ ការចូលរួមយ៉ាងសកម្ម របស់ស្ថាប័នរដ្ឋ ដៃគូអង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រមទាំងជាពិសេសវិស័យឯកជន ពិតជាមិនអាចខ្វះបានឡើយ។
លោកថា ការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជា ដែលអាចមានការចូលរួមរបស់សមាគមសហគមន៍នៅតាមឃុំ ស្រុកនិងខេត្ត ក្រុមហ៊ុន ឬអ្នកលក់ ធាតុចូលកសិកម្ម ក្រុមហ៊ុន ឬអ្នកទិញលក់ផលិតផលស្វាយចន្ទី អ្នកកែច្នៃ អ្នកនាំចេញ ជាការ ចាំបាច់ខានមិនបានមុន ឬក្រោយពេលគោលនយោបាយជាតិស្វាយចន្ទី ត្រូវបានអនុម័ត ដោយរាជរដ្ឋាភិបាល ព្រោះថា សេចក្ដីព្រាង និងការអនុវត្តគោលនយោបាយជាតិស្វាយចន្ទីទាមទារ ឲ្យមានធាតុចូល និងអនុវត្តពីអ្នកពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទី ឬសហព័ន្ធស្វាយចន្ទីកម្ពុជា។
លោក វ៉ា រុតសាន បានបញ្ជាក់ទៀតថា ការបង្កើត និងពង្រឹងសហព័ន្ធ័ស្វាយចន្ទីកម្ពុជា ឲ្យបានក្លាយជានិតិបុគ្គលស្របច្បាប់ហើយរឹងមាំ មានតម្លាភាព និងមានគណនេយ្យភាព នឹងក្លាយជាសំឡេង ប្រមូលផ្ដុំតែមួយ យ៉ាងមានប្រសិទ្ធិភាព ក្នុងការតវ៉ានិងផ្តល់យោបល់ ដល់ក្រសួងពាក់ព័ន្ធ ងាយស្រួលសុំជំនួយបច្ចេកទេស ពីការដាំ ដុះបង្កើនផលិតភាព ព័ត៌មានទីផ្សារ ក៏ដូចជាកិច្ចសម្រួលពាណិជ្ជកម្ម ពីរដ្ឋាភិបាលឬពីអង្គការ ក្រៅរដ្ឋាភិបាល។
លើសពីនោះទៀត លោក វ៉ា រុតសាន បានគូសបញ្ជាក់ថា សមាជិកសហព័ន្ធ នឹងទទួលបានព័ត៌មាននានា យ៉ាងឆាប់រហ័ស ជាពិសេស ព័ត៌មានទីផ្សារ។ ទន្ទឹមនេះ ការស្នើសុំកម្ចីឥណទាន នឹងងាយស្រួលជាងមុន តម្លៃលក់ផលិតផល និងតម្លៃទំនិញដែលជាធាតុចូលកសិកម្មនឹងប្រសើរឡើង និងងាយស្រួល ក្នុងការពង្រីកទីផ្សារផងដែរ។
ប្រធានក្រុមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ផងដែរថា ក្រោយការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជា ក្រសួងពាក់ព័ន្ធនានា ក៏ដូចជាអង្គការក្រៅ រដ្ឋាភិបាលមានភារៈកិច្ច បន្តជួយសហព័ន្ធនេះ ឲ្យបានរឹងមាំ មានតម្លាភាព និងមានគណនេយ្យភាព ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិស្វាយចន្ទីនេះ ឲ្យទទួលបានលទ្ធផលល្អ។
ជាមួយគ្នានោះ លោក វ៉ា រុតសាន បានឲ្យដឹងថា សេចក្ដីព្រាងគោលនយោបាយជាតិស្វាយចន្ទី បានដាក់ចេញនូវទស្សនៈវិស័យ និងគោលបំណង ក្នុងការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដូចខាងក្រោម៖
១៖ ប្រើប្រាស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យស្វាយចន្ទី។
២៖ ជួយផ្លាស់ប្តូរ និងជំរុញវិស័យស្វាយចន្ទីកម្ពុជាដោយផលិតកម្មត្រូវផ្អែកតាម តម្រូវការទីផ្សារ, បង្កើនតម្លៃបន្ថែម និងការកែច្នៃផលិតផលស្វាយចន្ទី ឲ្យបាន ច្រើនប្រភេទ និងច្រើនកម្រិត ដើម្បីធ្វើពាណិជ្ជកម្មសម្រាប់ក្នុងប្រទេស និងការនាំចេញជាពិសេសទៅកាន់ទីផ្សារ ដែលមានតម្រូវការតិចតែឲ្យតម្លៃខ្ពស់។
៣៖ ផលិតកែច្នៃ និងនាំចេញដោយផ្ទាល់ (មិនពឹងច្រមុះគេដកដង្ហើម) ដើម្បីជួយឲ្យមាននិរន្តរភាពពាណិជ្ជកម្ម ដោយឆ្ពោះទៅរកអតិថិជនគោលដៅ។
៤៖ លើកកម្ពស់ជីវភាព និងធានាប្រាក់ចំណូលរបស់កសិករ កម្មករ និងអ្នកកែច្នៃ នាំចេញ។
៥៖ ទ្រទ្រង់និងធ្វើឲ្យវិស័យចន្ទីរួមចំណែក ឲ្យបានច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។
៦៖ រហូតដល់ឆ្នាំ២០២៥ នឹងធ្វើឲ្យវិស័យស្វាយចន្ទីកម្ពុជា ត្រូវបានទទួលស្គាល់ទាំង ក្នុងប្រទេសនិងអន្តរជាតិថា ជាប្រទេសនាំមុខក្នុងការនាំចេញចន្ទី ដែលអាចប្រកួត ប្រជែងបាន, គុណភាពខ្ពស់ និងមាននិរន្តរភាព ដោយផ្អែកលើស្តង់ដាខ្ពស់នៃការ គ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ សុវត្តិភាពចំណីអាហារនិងការទទួលខុសត្រូវរបស់ សង្គមដែលបានមកពីការចូលរួមគ្នាគិតនិងរួមគ្នាធ្វើ។
៧៖ កសិករដែលជាអ្នកបង្កើតផលិតផលនាំមុខ លើទិន្នផលនិងគុណភាពនឹងទទួល បានការតបស្នងវិញដោយសមភាព ទៅតាមពលកម្មនិងការវិនិយោគរបស់ពួក គាត់ដោយត្រូវបានការគាំទ្រផ្នែកសេវាកម្ម យ៉ាងមានប្រសិទ្ធភាពនិងត្រូវទទួលបានយ៉ាងល្អប្រសើរ នូវព័ត៌មានទីផ្សារ និងបច្ចេកវិជ្ជាព្រមទាំងគ្រឿងម៉ាស៊ីនទំនើប ដើម្បីអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា ឲ្យមានការរីកចម្រើនដូចប្រទេសនានា។
៨៖ ប្រមូលទិញនិងកែច្នៃផលិតផលពីក្រុមហ៊ុន សហគ្រាសដែលមានការទទួលខុស ត្រូវដោយផ្តល់នូវប្រាក់ចំណេញសមស្របជាមួយនឹងការតភ្ជាប់យ៉ាងរឹងមាំ ជាមួយផលិតករនិងអ្នកទិញតាមរយៈកិច្ចសន្យា ដោយឈរលើមូលដ្ឋានតម្លៃទី ផ្សារប្រកួតប្រជែងដែលមានប្រសិទ្ធភាព។
៩៖ លទ្ធផលរំពឹងទុកក្នុងការកែច្នៃ និងការនាំចេញត្រឹមឆ្នាំ២០២៥៖ * កែច្នៃចន្ទីក្នុងប្រទេសឲ្យបាន២៥% នៃបរិមាណទិន្នផលសរុបក្នុងនោះ (១៖ ប្រើប្រាស់ក្នុងប្រទេសឲ្យបាន៥%, (២)៖ នាំចេញ២០%) និង * នាំចេញគ្រាប់មិនទាន់កែច្នៃ៧៥%៕