(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសថា ករណីអ្នកជំងឺទី២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយគេបង្អស់ដែលបានរកឃើញនៅកម្ពុជា ត្រូវបានក្រុមគ្រូពេទ្យព្យាបាលឲ្យជាសះស្បើយ ហើយទន្ទឹមនឹងនោះក៏ពុំមានករណីកូវីដ-១៩ ថ្មី ត្រូវបានរកឃើញនាថ្ងៃនេះ នៅកម្ពុជាផងដែរ។
ព័ត៌មាននេះត្រូវបានសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក៏ដូចជាសហគមន៍អន្តរជាតិ ដែលសំដែងនូវការកោតសរសើរថា កម្ពុជាគ្រប់គ្រងការឆ្លង និងព្យាបាលអ្នកជំងឺកូវីដ-១៩ បានល្អប្រសើរ។
ការសម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ។ លទ្ធផលនេះកើតមានឡើងដោយសារការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ខ្ពស់បំផុត ពីរាជរដ្ឋាភិបាល ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចូលរួមអនុវត្តយ៉ាងសកម្មពីសំណាក់មន្រ្តី បុគ្គលិកសុខាភិបាល អាជ្ញាធរពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូប តាមវិធានការ និងការណែនាំផ្សេងៗដែលបានដាក់ចេញជាបន្តបន្ទាប់ដោយរាជរដ្ឋាភិបាល។
ទន្ទឹមនឹងការរីករាយសាទរនូវដំណឹងនេះ ក្រសួងសុខាភិបាលសូមផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ និងជាពិសេស បុគ្គលិក មន្រ្តីសុខាភិបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់ មេត្តាបន្តសហការគ្នាល្អយកចិត្តទុកដាក់កម្រិតខ្ពស់ ក្នុងការបង្ការការចម្លងមេរោគកូវីដ-១៩ថ្មី តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្វីត្បិតតែថ្ងៃនេះពុំមានរកឃើញករណីថ្មីនៅប្រទេសកម្ពុជាយើង ក៏សូមយើងទាំងអស់គ្នាបន្តប្រុងប្រយ័ត្នការពារខ្លួនកម្រិតខ្ពស់ ព្រោះថាហានិភ័យនៃការចម្លងមកកម្ពុជា នៅតែមានដោយសារការរាតត្បាតនៃមេរោគនេះនៅក្នុងពិភពលោក កាន់តែរាលដាលយ៉ាងរហ័ស ហើយការចល័តប្រជាជនក្នុងពិភពលោក មានការកើនឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះទៀតជំងឺនេះពុំទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលនៅឡើយទេ។
ក្រសួងសូមរំលឹកថា យើងធ្លាប់មានបទពិសោធន៍ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដែលបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ១០០% ម្តងរួចហើយ ហើយនៅថ្ងៃនេះបានព្យាបាលជាសះស្បើយសម្រេច ១០០% ជាលើកទី២ ដូច្នេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានម៉ឹងម៉ាត់ ដើម្បីកុំឲ្យមានការចម្លងថ្មី ទាំងការទប់ស្កាត់ការនាំចូលពីខាងក្រៅ និងទាំងការចម្លងផ្ទៃក្នុង។
វិធានការជាច្រើនដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានណែនាំ៖
១៖ ជំរុញវិធានការបង្ការការពារការចម្លងជាចម្បង «ការពារប្រសើរជាងព្យាបាល»
២៖ រកឲ្យឃើញរហ័សនូវអ្នកមានផ្ទុកមេរោគកូវីដ-១៩
៣៖ ព្យាបាលឲ្យបានរហ័សអ្នកជំងឺកូវីដ-១៩
៤៖ រកអ្នកប៉ះពាល់ឲ្យបានរហ័ស
៥៖ ដាក់អ្នកប៉ះពាល់ឲ្យនៅដាច់ដោយឡែកឲ្យបានរហ័ស។
ក្រសួងបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋបានអនុវត្តវិធានការសុខភាពសាធារណៈប្រកបដោយខ្ជាប់ខ្ជួន តាមការណែនាំដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលខុសពីប្រទេសដទៃនានា សុទ្ធតែដាក់ទណ្ឌកម្ម ឬផាកពិន័យ។ សូមប្រសិទ្ធិពរបងប្អូនប្រជាពលរដ្ឋ ទទួលបាននូវសុខភាពល្អ និងជៀសផុតពីជំងឺកូវីដ-១៩ ដែលជាគ្រោះមហន្តរាយដ៏រន្ធត់របស់ពិភពលោក៕