Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីធនធានទឹក ចាត់ឲ្យក្រុមការងារ សួរសុខទុក្ខ និងផ្តល់អំណោយជូនកងទ័ពនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលជាសម្ព័ន្ធមេត្រីភាព ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

11-09-2020 11:56

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក ជា សុខនី នាយករងខុទ្ទកាល័យតំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈលោក ជា សុខនី, លោករដ្ឋមន្ត្រី ក៏បានផ្តាំសួរសុខទុក្ខបងប្អូនកងទ័ព នឹងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានទាំងស្មារតី សម្ភារ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែងនូវការដឹងគុណចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ។

ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ និងបណ្តាកងពលផ្សេងៗទៀត ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយក្រសួងធនធានទឹក និងឧតុនិយមរួមមាន៖

*ទី១៖ បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៤៣២នាក់
*ទី២៖ កងវរសេនាតូចលេខ ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១១២នាក់
*ទី៣៖ កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១៨៦នាក់
*ទី៤៖ កងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ចំនួន ២៦០នាក់៕