(ត្បូងឃ្មុំ)៖ ដើម្បីត្រួតពិនិត្យរាល់រថយន្តដឹកទំនិញធន់ធ្ងន់ ដែលធ្វើចរាចរណ៍លើដងផ្លូវ មិនឲ្យលើសទម្ងន់កំណត់ ដែលធ្វើឲ្យខូចផ្លូវនោះ ស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង ស្ថិតក្នុងស្រុកត្បូងឃ្មុំ លើកំណាត់ផ្លូវជាតិលេខ៧ ដែលជាកំណាត់ផ្លូវដ៏សំខាន់និងមមាញឹក ដែលមានមន្ត្រីជំនាញនៅបំពេញការងារប្រចាំស្ថានីយ៍ បានអនុវត្តន៍ទាំងយប់ទាំងថ្ងៃ ទៅតាមការណែនាំរបស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកបណ្ឌិតអភិបាលខេត្តត្បូងឃ្មុំ និងមន្ទីរសាធារណការខេត្ត ហាមមិនឲ្យមានការដឹកលើសទម្ងន់កំណត់ ឆ្លងកាត់ស្ថានីយ៍ជញ្ជឹង បើកបរលើដងផ្លូវក្នុងខេត្តត្បូងឃ្មុំនោះឡើយ ។

លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ថ្នល់ទទឹង បានឲ្យដឹងទៀតថា ក្នុង១ថ្ងៃមានរថយន្តប្រមាណ ២០០ ទៅ៣០០គ្រឿង បានបើកឆ្លងកាត់ចូលស្ថានីយ ទាំងយប់ទាំងថ្ងៃ ដោយឡែកមានមួយចំនួនបានបើកតាមផ្លូវតូចវៀងស្ថានីយ៍ បានបង្កនូវការលំបាកដល់មន្ត្រីជញ្ជីង មន្ទីរសាធារណការ អាជ្ញាធរមួលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសដែលធ្វើឲ្យប្រជាពលរដ្ឋឃើញយល់ច្រលំចំពោះមន្ត្រីដែលខិតខំធ្វើការទាំងគ្មានពេលសម្រាក។

លោក គង់ សុភាព បានបង្ហាញនូវការព្រួយបារម្ភចំពោះការមើលឃើញបែបអវិជ្ជមានចំពោះស្ថានីយ៍ ពិសេសគុណភាពផ្លូវ ដោយលោកសំណូមពរឲ្យសមត្ថកិច្ចតាមដងផ្លូវ សហការជាមួយមន្ត្រី ជំនាញលើបញ្ហានេះ ដើម្បីឲ្យរថយន្តដឹកទំនិញធន់ធ្ងន់ទាំងនោះ ចូលមកស្ថានីយ៍ដោយត្រឹមត្រូវ។

ប្រធានស្ថានីយ៍ រូបនេះបញ្ជាក់ថា ចំពោះរថយន្តដែលមានផ្ទុកទំនិញ និងកសិផលទាំងអស់ដែលចូលមកស្ថានីយ៍ទាំងយប់ទាំងថ្ងៃ ត្រូវបានត្រួតពិនិត្យទម្ងន់ទៅតាមបច្ចេកទេស មិនមានការលើកឡើងដែលហេតុ ផលណាមួយនោះឡើយ គឺបើលើសទម្ងន់ត្រូវផាកពិន័យ មិនលើសគឺចរារណ៍តាមធម្មតា។

លោក គង់ សុភាព បន្ថែមថា ចំពោះការផាកពិន័សម្រាប់រថយន្តមានផ្ទុកទំនិញលើសទម្ងន់កំណត់ គឺពិន័យទៅតាមអ្វីដែលក្រសួងសាធារណៈការ និងដឹកជញ្ជូនបានកំណត់ ពិសេសគ្មានការលើកឡើងនោះឡើយ។

លោកសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ នឹងយល់ពីអ្វីដែលមន្ត្រីទាំងអស់ខិតខំ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន ពោលគឺបើមិនបានជួយផ្តល់កម្លាំងចិត្ត ដោយការសរសើរ តែសូមកុំវាយប្រហារទឹកចិត្ត ដោយការរិះគន់ទៅតាមអ្វីដែលមើលឃើញនៅជ្រុងមួយដែលខុស និងស្តាប់ទៅតាមជនមួយចំនួនមានគំនិតកខ្វក់ ដែលតែងចិញ្ចឹមចិត្តរង់តែវាយប្រការ ដោយសុំចិត្តពលរដ្ឋមុននឹងវិនិច្ឆ័យ សូមស្តាប់ការបកស្រាយរបស់មន្ត្រីអនុវត្តន៍ជាមុនសិន។

បន្ថែមលើសពីនេះ លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ថ្នល់ទទឹង បានសំណូមពរដល់ម្ចាស់យានយន្តដឹកទំនិញធន់ធ្ងន់ទាំងអស់មេត្តាដឹកទម្ងន់ទៅតាមការកំណត់ និងចូលមកកាន់ស្ថានីយ៍ថ្លឹង ទម្ងន់គ្រប់ស្ថានីយទូទាំងប្រទេស ជាការរួមសហការគ្នាថែរក្សាគុណភាពផ្លូវប្រើប្រាស់ឲ្យបានល្អយូរអង្វែង ពិសេសពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ននិងអធ្យាស្រ័យខ្ពស់ ដើម្បីអាយុជីវិតខ្លួន និងអ្នកដទៃ៕