(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ នៅវេលាម៉ោងប្រមាណ១១៖:២០នាទី ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ បាននឹងកំពុងដឹកនាំសមាជិក នៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យដល់ទីតាំងស្តុកឈើ នៅក្រុមហ៊ុនប៊ិនហ្វឿក១ ស្ថិតនៅឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់អង្គភាព Fresh News ថា "នៅម៉ោងនេះនាយឧត្តមសេនីយ៍ ប្រធានគណ:កម្មការ កំពុងដឹកនាំកម្លាំង ចុះមកត្រួតពិនិត្យឈើនៅក្រុមហ៊ុន ប៊ិនហ្វឿក១ ជាកន្លែងឈើមានគេលួចដុតនិងរកឃើញ ឈើមួយចំនួន នៅទីនេះ ប៉ុន្តែក្រុមមន្រ្តីជំនាញកំពុងចុះវាស់វែងពិនិត្យបន្ត" ។
សូមបញ្ជាក់ថា រយ:ពេល២ថ្ងៃនេះ នាយឧត្តមសេនីយ៍សៅ សុខា បាននិងកំពុងដឹកនាំកម្លាំងសមត្ថកិច្ច និងសមាជិកគណ:កម្មការ ចុះទៅត្រួតពិនិត្យ និងបន្តបង្ក្រាបបទល្មើសឈើ ស្ថិតនៅតាមខេត្តភូមិភាគឦសាន។
សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលមាន៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អនុប្រធានព្រមទាំងសមាជិក៨រូបទៀត រួមមានរដ្ឋលេខាធិការក្រសួងបរិស្ថាន អគ្គនាយករដ្ឋបាលព្រៃឈើ និងអភិបាលខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី៕