(ភ្នំពេញ)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ឲ្យដឹងថា លោកសូមប្រកាសទៅដល់ប្រជាពលរដ្ឋ ដែលមានអង្ករប្លាស្ទឹក និងទឹកស៊ុបគុយទាវ នាំចូលមកពីវៀតណាម សូមយកមកលក់ឲ្យលោក ដោយលោកនឹងផ្តល់តម្លៃថ្លៃ ជាងទិញចូលរហូតដល់គុណនឹង២។
លោក ម៉ក់ ពេជ្ជរិទ្ធ បញ្ជាក់ថា ប្រសិនបើរកឃើញអង្ករប្លាស្ទិច និងទឹកស៊ុប លោកនឹងទិញមួយគុណពីរ ចង់និយាយថា អង្ករមួយបាវទិញ១២ម៉ឺនរៀល ឲ្យ២៤ម៉ឺនរៀល ចំណែកទឹកស៊ុបមួយប៊ីដុងទិញតម្លៃ១០ម៉ឺនរៀល លោកឲ្យតម្លៃ២០ម៉ឺនរៀល។
លោក ម៉ក់ ពេជ្ជរិទ្ធ បានឡើងឡើងថា «និយាយពីទឹកស៊ុបគុយទាវ យកពីប្រទេសវៀតណាម ចូលតាមនេះ ចូលតាមនោះ តែតាមពិតគ្មានទេ ដូចជាអង្ករមានជាតិប្លាស្ទិច ឮតែគេនិយាយ រហូតមន្រ្តីកាំកុងត្រូលចុះអង្កេតគ្មានសោះ ដូចជាប៉ុន្មានថ្ងៃនេះ គេបង្ហោះតាមហ្វេសប៊ុក នៅកៀនស្វាយក្រៅ មានដុំបាយពូតមូលដូចបាល់ បោកលោត តែតាមពិតជាការបង្ខូច និងជាការមួលបង្កាច់ ដែលជាទង្វើមួយ បង្កឡើងសម្រាប់ឲ្យចលាចលប៉ុណ្ណោះ»។
លោកអគ្គនាយកបានឲ្យដឹងទៀតថា ក្នុងនាមលោកជាអ្នកតាមដាន ខាងសុវត្ថិភាពម្ហូបអាហារ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានឃើញម្ហូបអាហារ ដែលមានការសង្ស័យថា មានជាតិគីមី សូមរាយការណ៌ មន្រ្តីជំនាញរបស់លោកនិងចុះទៅភ្លាមៗ ហើយលោកសូមថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានចូលរួមសហការជាមួយមន្រ្តីជំនាញរបស់លោកផងដែរ។
សូមជម្រាបថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសលេខទូរស័ព្ទចំនួន៦ខ្សែ រួមមាន៖ 012 233 262, 012 850 105, 012 870 076, 012 445 562, 096 829 7878, 097 788 6111 ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលរាយការណ៍ជូន មន្ត្រីកាំកុងត្រូលសាខា រាជធានីភ្នំពេញពីព័ត៌មាន ទាំងឡាយណាពាក់ព័ន្ធទៅនឹងករណី «ចំណីអាហារពុំមានសុវត្ថិភាព» និង «ការពុលចំណីអាហារ» ដែលអាចកើតមានឡើង នៅរាជធានីភ្នំពេញ៕