(អាមេរិក)៖ ទីបញ្ជាការកណ្ដាលអាមេរិក បានសារភាពថា យន្តហោះចម្បាំងរបស់អាមេរិកចំនួន ៤គ្រឿង ដែលចេញប្រតិបត្តិការ កម្ទេចក្រុម ISIS នៅស៊ីរី និងអ៊ីរ៉ាក់កាលពីឆ្នាំមុន បានទម្លាក់ចំកន្លែងជនស៊ីវិលរស់នៅ ហើយបើតាមការប៉ាន់ប្រមាណ ប្រហែលជាមានជនស៊ីវិល ៥នាក់ស្លាប់ និង៨នាក់រងរបួស នេះបើយោងតាមការចេញផ្សាយរបស់សារទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣០ ខែមករា។
តំណាងទីបញ្ជាការកណ្ដាលអាមេរិក បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ចេញទៅទម្លាប់គ្រាប់បែកនៅមូលដ្ឋានរបស់ក្រុម ISIS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ចន្លោះថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី១៥ ខែតុលា កាលពីឆ្នាំមុន ក៏ប៉ុន្តែ ការទម្លាក់គ្រាប់ទាំងនោះ បានចំទៅលើជនស៊ីវិលមួយចំនួន ដែលវាជាទង្វើអចេតនា។
ក្រុមអ្នកឃ្លាំមើលបានលើកឡើងថា ក្នុងប្រតិបត្តិការកម្ទេចក្រុម ISIS តាមដែនអាកាសពីសំណាក់អាមេរិក អង់គ្លេស បារាំង និងរុស្ស៊ី គឺបានសម្លាប់ជនស៊ីវិលជាច្រើននាក់៕