(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីក្រុងពាលីដើម្បីបួងសួងសុំសេចក្តីសុខ និងតម្កល់ព្រះកេសព្រះពុទ្ធប្បដិមាភ្ជាប់ជាមួយតួព្រះកាយ លើកំពូលភ្នំឥសីបតមៈ (ភ្នំស្វាយ) ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
ពិធីខាងលើនេះធ្វើឡើងនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានលោក ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី និងលោកស្រី លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលខេត្ត ព្រមទាំងលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀតផងដែរ។
លោក ទេព ណារ៉ា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា ព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃនេះ កសាងឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ថង សាវុន ដើម្បីទុកជាកេរតំណែលសម្រាប់ឱ្យពុទ្ធបរិស័ទទូទៅគោរពបូជា។
លោកបន្តថា ព្រះពុទ្ធប្បដិមាអង្គធំនេះសាងសង់ពីថ្មភក់ដែលបានជៀវពីខេត្តកំពង់ធំ មានកម្ពស់ ១៥.៥ម៉ែត្រ ដោយគិតទាំងព្រះភ្នែន មានទម្ងន់សរុប ៣០០តោន ដោយគ្រោងបច្ច័យក្នុងការសាងសង់ជាង ២០ម៉ឺនដុល្លារ ហើយគ្រោងនឹងបញ្ចប់ការស្ថាបនាសាងសង់នាចុងឆ្នាំ២០២០នេះ។
គួរបញ្ជាក់ថា ភ្នំឥសីបតមៈ ត្រូវបានរាប់បញ្ចូលជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏ស្រស់បំព្រងមួយក្នុងខេត្តរតនគិរី។ ដូច្នេះពេលដែលព្រះពុទ្ធប្បដិមាអង្គធំសាងសង់រួច នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាកម្សាន្តគយគន់ព្រះសូរិយាហៀបអស្តង្គតដ៏ស្រស់ស្អាត ព្រមទាំងបានថ្វាយបង្គំព្រះអង្គបរិនិពាន្វ និងព្រះពុទ្ធប្បដិមាដ៏ធំនេះផងដែរ៕