(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ជាមន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លី ចំនួន ៣.២៩២រូប នៅទូទាំងប្រទេស ដើម្បីបម្រើការងារនៅតាមសាលាឃុំ-សង្កាត់ ទាំង១.៦៤៦ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

ដើម្បីឱ្យការប្រឡងនេះប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌ តម្លាភាព និងសុចរិតភាព គ.ជ.ប បានចាត់តាំងសមាជិក គ.ជ.ប ទាំង ៩រូប និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន ២៥រូប ចុះទៅសម្របសម្រួល និងត្រួតពិនិត្យការប្រឡងតាមបណ្តារាជធានី-ខេត្ត ទាំង២៥។

មុខតំណែងដែលត្រូវជ្រើសរើស រួមមាន៖

* ប្រធានក្រុមចុះឈ្មោះបោះឆ្នោត ក្នុងមួយឃុំ-សង្កាត់ ចំនួន ១រូប
* សមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាការីកុំព្យូទ័រ ក្នុងមួយឃុំ-សង្កាត់ ចំនួន ១រូប

ការប្រឡងមុខតំណែងទាំងពីរមានវិញ្ញាសាខុសគ្នា៖

* មុខតំណែងប្រធាន ក.ច.ប ត្រូវធ្វើការប្រឡងសំណួរពហុចម្លើយជ្រើសរើស (QCM)
* មុខតំណែងសមាជិក ក.ច.ប ជាការីកុំព្យូទ័រ ត្រូវប្រឡងតាមរយៈការធ្វើតេស្តកុំព្យូទ័រ

ការប្រឡងជ្រើសរើសនេះ ប្រព្រឹត្តទៅព្រមៗគ្នានៅទូទាំងប្រទេស ហើយលទ្ធផលនៃការជ្រើស-រើសនឹងបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ក្នុងរាជធានី-ខេត្តនីមួយៗ នាពេលឆាប់ៗខាងមុខនេះ។

ចំពោះអ្នកដែលប្រឡងជាប់ ត្រូវចាប់ផ្តើមចូលបម្រើការងារពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ហើយត្រូវតែបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនឱ្យស្របទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៕