(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានប្រជុំពិភាក្សាទៅលើការសម្រួលនូវវិធានការមួយចំនួន ដែលមានសំណើពីបណ្ដាប្រទេសជាមិត្ដ ដូចជា វៀតណាម និងកូរ៉េ ជាដើម ដើម្បីជំរុញឱ្យមានទំនាក់ទំនងកិច្ចសហប្រតិបត្ដិការរវាងគ្នា ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នាទីស្ដីការក្រសួងសុខាភិបាល ដែលមានការចូលរួមពីតំណាងក្រសួងផ្សេងៗ ដោយវិភាគលម្អិត ទៅលើការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ ដោយប្រកាន់ខ្ជាប់ដាច់ខាត ពីវិធានការពារ ទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩ ចូលមកកម្ពុជា និងក្នុងសហគមន៍។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា កន្លងមកនេះសម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានសម្រួលវិធានការពារផ្សេងផងដែរ ដល់បណ្ដាប្រទេសជាមិត្ដ ដើម្បីបង្កើនដល់ភាពងាយស្រួលក្នុងកិច្ចសហប្រតិបត្ដិការជាមួយគ្នា និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសុវត្ថិភាពប្រជាជនជាចម្បង ។
លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្ដថា «ដូច្នេះលទ្ធផលជារួមនៃសំណើថ្ងៃនេះ គឺយើងឈរលើជំហរស្ដង់ដារមួយ និងការវិលត្រលប់មកការរស់នៅក្នុងសភាពធម្មតា ក្នុងបរិបទកូវីដ១៩ ដែលត្រូវថ្លឹងថ្លែងឱ្យបានច្បាស់លាស់ ដើម្បីឱ្យសេដ្ឋកិច្ចប្រទេសជាតិ មានកំណើនឡើងវិញ ដោយមិនបន្ធូរបន្ថយវិធានទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេសផងដែរ។ ដូច្នេះ សំណើរដាក់ជូនប្រមុខរាជរដ្ឋាភិបាល មានសម្រេចយ៉ាងណានោះ ក្រសួងនឹងជម្រាបជូនដល់ពលរដ្ឋ»។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងតែគិតគូរខ្ពស់ ដាក់ចេញនូវវិធានការបានទាន់ពេលវេលា ហើយស្របនឹងកាលៈទេសៈ នឹងទទួលបានភាពជោគជ័យ ក្នុងការគ្រប់គ្រងការចម្លងជំងឺកូវីដ១៩»។
ជាងនេះទៅទៀត លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា «កន្លងមកនេះ អ្នកដែលយើងរកឃើញមានផ្ទុកកូវីដ១៩ សុទ្ធសឹងតែជាអ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជា។ ដូច្នេះយើងនៅតែបន្ដធ្វើការងារទប់ស្កាត់នូវវីរុសកូវី១៩ ចំពោះអ្នកដំណើរជាការងារអាទិភាពរបស់យើងដដែលដោយ ហើយយើងត្រូវតែគិតគូរយ៉ាងម៉ត់ចត់»។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៧៣នាក់ (ស្រ្តី៥៤នាក់ និងបុរស ២១៩នាក់) និង អ្នកកំពុងសម្រាកព្យាបាលមានចំនួន០១នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕