(ភ្នំពេញ)៖ កម្លាំងរដ្ឋបាលព្រៃឈើ កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងអាវុធហត្ថ ខណ្ឌចំការមន ជាច្រើននាក់ ដឹកនាំដោយតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ១០ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ បាន និងកំពុងចូលឆែកឆេរ ឃ្លាំងស្តុកឈើមួយកន្លែង ស្ថិតនៅក្បែរក្លឹមអារីណា តាមផ្លូវលេខ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយរកឃើញឈើ ជាច្រើនដុំមានមុខកាត់ធំៗ ព្រមទាំងរណាអារឈើផងដែរ ។
លោក ឈាង ធីណា នាយសង្កាត់រដ្ឋបាលភ្នំពេញ បានប្រាប់ថា មុនឈានទៅដល់ការចុះឆែកឆេរឃ្លាំងស្តុកឈើ មួយនេះបានកើតឡើង ក្រោយពីមានរថយន្តម៉ាក តាកូម៉ាដឹកឈើមួយគ្រឿង ចូលទៅក្នុងឃ្លាំងតាំងពីយប់មិញ ហើយពេលនោះកម្លាំងរបស់លោក បានឃ្លាំមើលរហូត ចុះមកឆែកឆេរនៅព្រឹកនេះតែម្តង ។
យ៉ាងណាក៏ដោយ នាយសង្កាត់រដ្ឋបាលព្រៃឈើរូបនេះមិនទាន់អាចបញ្ជាក់ថាតើ ឈើទាំងនេះមានច្បាប់ត្រឹមត្រូវ ដែរឫទេ ដោយរង់ចាំការវាស់វែង និងត្រួតិនិត្យសិន។
សម្រាប់ម្ចាស់ទីតាំងស្តុកឈើមួយនេះ មិនត្រូវបានសមត្ថកិច្ចជំនាញបញ្ជាក់អត្តសញ្ញាណនៅឡើយទេ ។