Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តកំពត ប្រកាសសាលក្រមពិរុទ្ធជន ប៉ែន មុំ ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទ «រួមគំនិតក្បត់»

10-09-2020 12:15

(ភ្នំពេញ)៖ សាលាដំបូងខេត្តកំពត បានសម្រេចប្រកាសសាលក្រមចំពោះពិរុទ្ធជនឈ្មោះ ប៉ែន មុំ ដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទ«រួមគំនិតក្បត់»។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ សាលាដំបូងខេត្តកំពត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា ពិរុទ្ធជន ប៉ែន មុំ ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តកំពតរួចហើយ តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៩៥៨ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

ពិរុទ្ធជន ប៉ែន មុំ ហៅស្រីមុំ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសាលាដំបូងខេត្តកំពត ប្រកាសសាលក្រមលេខ៧៧៤ (ខ) ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ជាសាធារណៈ ដែលសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទរួមគំនិតក្បត់ ប្រព្រឹត្តនៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានចេញដីកា បង្គាប់ឲ្យឃុំខ្លួនលេខ៩៥៨ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ តាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ សាលាដំបូងខេត្តកំពត បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៩ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ដែលមានជនជាប់ចោទឈ្មោះ ប៉ែន មុំ ពីបទរួមគំនិតក្បត់ អង្គហេតុទាក់ទងទៅនឹងការកៀរគរ និងបំផុសប្រជាជនឲ្យចូលរួម ក្នុងផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំនិងចាត់តាំង អនុវត្តន៍ដោយឧក្រិដ្ឋជន សម រង្ស៉ី ក្រោមឧបាយកលជា «ផែនការវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩»