(ភ្នំពេញ)៖ សមាគមរាជសីហ៍ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩-២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២ ក្នុងនាមជាសមាគមមិនស្វែងរកប្រាក់ចំណេញ ប្តេជ្ញាចិត្តបំពេញកិច្ចការមនុស្សធម៌ និងសប្បុរធម៌លើជនងាយរងគ្រោះ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ជនក្រីក្រនៅតាមសហគមន៍មូលដ្ឋាន។
លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍បានថ្លែងថា ឆ្នាំនេះជាគម្រប់ខួបរយៈពេល១ឆ្នាំ នៃការចុះបញ្ជីសមាគមរាជសីហ៍ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ក៏អាចនិយាយបានថា ជាឆ្នាំទី២ នៃការធ្វើសកម្មភាពមនុស្សធម៌របស់ក្រុមរាជសីហ៍។ សមិទ្ធផលដែលសម្រេចបានក៏ដោយសារការគាំទ្រយ៉ាងពេញទំហឹង និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងមិនខ្លាចនឿយហត់ ពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់របស់សមាគម ដើម្បីសម្រេចបានជោគជ័យ នូវបេសកកម្មដ៏ធំនាពេលកន្លងមក។
លោក ស៊ូម សារឿន បានលើកឡើងថា សមាគមនឹងផ្ដល់ក្ដីសង្ឃឹមឡើងវិញដល់យុវជន តាមរយៈផ្តល់ការបណ្ដុះបណ្ដាលធនធានមនុស្សដល់យុវជន និងជំរុញឱ្យពួកគេយកចិត្តទុកដាក់ដល់វិស័យកីឡា និងលេងកីឡា ក្នុងផលប្រយោជន៍ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ដើម្បីធ្វើឱ្យយុវជនជៀសផុត ការប្រើប្រាស់គ្រឿងញៀនដែលបំផ្លាញអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ព្រមទាំងធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការផ្តល់អំណោយជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគ និងបរិភោគទៅដល់ជនចាស់ជរា ស្ត្រីក្រីក្រ និងកុមារកំព្រា។
លោក ស៊ូម សារឿន បានបន្តថា ការប្រារព្ធសន្និបាតនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យសមិទ្ធផល ដែលសមាគមសម្រេចបាននៅក្នុងរយៈពេលមួយឆ្នាំ ព្រមជាមួយនឹងការលំបាក បញ្ហាប្រឈមផ្សេងៗនៅពេលដែលបានអនុវត្តក្នុងកិច្ចការងាររបស់ខ្លួន តើមានលក្ខណៈសមស្របទៅនឹងបេសកកម្ម និងចក្ខុវិស័យដែលសមាគមចង់បានដែរ ឬទេ ហើយនឹងលើកទិសដៅការងារ នាពេលអនាគតសម្រាប់សមាគមរាជសីហ៍ អនុវត្តបន្តនៅឆ្នាំ២០២១។
បន្ថែមពីនេះដើម្បីចូលរួមចំណែកជារាជរដ្ឋាភិបាល លោកបានឱ្យដឹងថា សមាគមធ្វើទំនាក់ទំនងរវាងស្ថាប័នជាតិ និងអន្តរជាតិ ដោយរួមសហការជាមួយក្រុមហ៊ុនកូរ៉េ អនុវត្តសកម្មភាពបាញ់ថ្នាំសម្លាប់សត្វល្អិត និងមេរោគនៅតាមស្ថាប័ន អង្គភាពរដ្ឋទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ព្រមទាំងនៅបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទផងដែរ។ ទន្ទឹមនឹងនេះក៏បានចូលរួមលើកកម្ពស់ការថែរក្សាបរិស្ថាន នៅតាមទីសាធារណៈ តាមរយៈការដាំដើមឈើនៅទីធ្លាវត្តអារាម សាលារៀន និងអង្គភាពកងកម្លាំងប្រដាប់អាវុធ។ លើកកម្ពស់ និងជំរុញការលេងកីឡា ដើម្បីសុខភាពក្នុងចំណោមសមាជិកវ័យចាស់ ជាពិសេសយកចិត្តទុកដាក់ ចំពោះយុវជនឱ្យលេងកីឡាដើម្បីមិត្តភាព សុខភាព និងការចាកឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន៕