(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដោយមិនត្រូវធ្វេសប្រហែសនោះឡើយ។
ការអំពាវនាវបែបនេះ របស់លោក ឃឹង នុភាព បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានដឹកនាំសមាជិកមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទសំបូរ ចូលរួមដាក់បិណ្ឌចំនួន៥វត្ត វេនទី៧ នៅក្នុងឃុំស្រើង និងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
ជាមួយគ្នានេះដែរ ក្នុងនាមជាអ្នកតំណាងរាស្ត្រ លោក ឃឹង នុភាព ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរនៅលើផ្លូវសាធារណៈ ដើម្បីសេចក្តីសុខ និងសុវត្ថិភាពទាំងអស់គ្នា នាឱកាសបុណ្យទានជាដើម។
លោកបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌមានរយៈពេល១៥ថ្ងៃនេះ គឺប្រារព្ធធ្វើឡើងដើម្បីបួងសួងឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅឱ្យមាតា បិតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យ ទៅកើតក្នុងសុគតិភពដែលប្រជាពលរដ្ឋខ្មែរ មានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់នឹងទទួលកុសលផលបុណ្យ ដែលកូនចៅបានឧទ្ទិសទៅឱ្យនោះ។
លោក ឃឹង នុភាព និងសមាជិកមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទសំបូរ បានចូលរួមដាក់បិណ្ឌចំនួន៥វត្ត នៅក្នុងឃុំស្រើងនិងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ក្នុងនោះរួមមាន៖ វត្តធ្នូសតាព្រហ្ម, វត្តថ្មី, វត្តទំនប់, វត្តតាំងក្រសៅ និងវត្តគោកស្រុក និងបាននាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃក្នុងមួយវត្តៗ ទទួលបាន៖ អង្ក៥០គីឡូ, ទឹកសុទ្ធ៥កេស, មី២កេស, ទឹកក្រូច៣កេស, ស្ករសរ១០កញ្ចប់, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, សាប៊ូលាងចាន១យួរ, ត្រីខ១យួរ រួមនឹងបច្ច័យមួយចំនួន៕