(តាកែវ)៖ ក្រុមអ្នកវិនិយោគសត្វឃាដទូទាំងខេត្តតាកែវ បានសំដែងនូវការមិនពេញ ចិត្តទៅនឹងអាជ្ញាធខេត្តតាកែវ ដែលបានបង្កើតគណៈកម្មាធិការ បណ្ដោះអាសន្ន សម្រាប់ ការគ្រប់គ្រង ការធ្វើអាជីវកម្មពិឃាដសត្វ និងទីសត្វឃាដដ្ឋាន ទូទាំងខេត្តតាកែវ ជំនួសឲ្យអ្នកវិនិយោគចាស់ ដែលបានទទួលសិទ្ធិ វិនិយោគពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុចំនួន១៦ឆ្នាំ។
ការបង្កើតគណៈកម្មាធិការហូតភាស៊ីសត្វឃាដ ជំនួស អ្នកវិនិយោគស្របច្បាប់ពី សំណាក់អាជ្ញាធខេត្ត ខាងលើនេះត្រូវបានពួកគេ ចោទថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ង ដែលក្រុមអ្នកវិនិយោគមិនអាចទទួលយកបាន ហើយការបង្កើតគណៈកម្មាធិការនេះ ក៏មិនបានពិចារណាទៅលិខិតរបស់ ក្រសួងមហាផ្ទៃ ដែលបានផ្ញើមកកាន់អាជ្ញាធខេត្តតាកែវ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។ ក្រុមអ្នកវិនិយោគសត្វឃាដ បានធ្វើកិច្ចសន្យាវិនិយោគរបស់ខ្លួន ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺបានចែងយ៉ាងច្បាស់ថា មិនអាចភាគីណាមួយ មករំលាយកិច្ចសន្យាវិនិយោគនោះទេ។
ក្រោយពេលដែលអាជ្ញាធខេត្តតាកែវ បានបង្កើតគណៈកម្មាធិការ ប្រមូលភាស៊ីសត្វឃាដ ជំនួសអ្នកវិនិយោគស្របច្បាប់រួចមក ក្រុមអ្នកវិនិយោគភាស៊ីសត្វឃាដ បាននាំគ្នាសសេរលិខិតផ្ញើទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឲ្យជួយអន្តរាគមន៍ ទៅអាជ្ញាធខេត្តតាកែវ ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។ ក្រុមអាជីវករបានប្រាប់ទៅសម្ដេច ស ខេង ថា យើងខ្ញុំទាំងអស់បានធ្វើការវិនិយោគ លើភាស៊ីសត្វឃាដ តាំងពីឆ្នាំ២០០១ រហូតមកដល់បច្ចុប្បន្ន គឺពុំដែលមានការរំខានពីបុគ្គលណាមួយឡើយ ហើយយើងខ្ញុំក៏តែងតែគោរពច្បាប់រដ្ឋ។ ក៏ប៉ុន្តែថ្មីៗនេះមានបុគ្គល៤នាក់ បាននាំគ្នាធ្វើសំណើរមកកាន់លោកអភិបាលខេត្តតាកែវ ដើម្បីសុំធ្វើអាជីវកម្មភាស៊ីសត្វឃាដក្នុងខេត្តតាកែវក្នុងឆ្នាំ២០១៦ ស្រាប់តែលោក អភិបាលខេត្តតាកែវ បានចុះហត្ថលេខា ឯកភាពតាមសំណើរខាងលើ ជាហេតុធ្វើឲ្យប៉ះពាល់ ដល់សៀវភៅបន្ទុកភាស៊ី និងកិច្ចសន្យារបស់យើងខ្ញុំ ដែលបានចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ។
បន្ទាប់ពីមានសំណើ សុំជួយអន្តរាគមន៍បន្តអនុវត្តន៍សៀវភៅ បន្ទុកភាស៊ី និងកិច្ចសន្យាវិនិយោគ តាមផ្លូវច្បាប់ទៅសម្ដេចក្រឡាហោម ស ខេង រួចមក ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោក ព្រំ សុខា បានផ្ញើលិខិតស្នើ សុំអន្តរាគមន៍នេះ ទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យពិចារណា ព្រោះក្រសួងមហាផ្ទៃ យល់ថា ករណីនេះគឺជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកសម្រេច។ លោក ខៀវ សុភ័គ អគ្គលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានផ្ញើលិខិត ដែលស្នើសុំឲ្យសម្ដេចក្រឡាហោម ស ខេង ជួយអន្តរាគមន៍នេះ ទៅកាន់លោកអភិបាលខេត្តតាកែវផងដែរ ដើម្បីពិនិត្យ និងដោះស្រាយព្រោះវា ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខេត្តដែលខ្លួនគ្រប់គ្រង។
ពាក់ព័ន្ធទៅនិងបញ្ហានេះ អ្នកនាំពាក្យសាលាខេត្តតាកែវ លោក យស់ ណាស៊ី បានថ្លែងទទួលស្គាល់ថា អាជ្ញាធខេត្តពិតជាបានបង្កើតគណៈកម្មាធិការមួយ ដើម្បីប្រមូលភាស៊ី ចូលថវិការរដ្ឋ ជំនួសអ្នកវិនិយោគចាស់មែន ក៏ប៉ុន្តែការបង្កើតគណៈកម្មាធិការនេះ គឺបន្ទាប់អ្នក ហូតភាស៊ីចាស់ បានបញ្ចប់អាណត្តិរបស់ខ្លួន ដែលបានសុំរំលាយ តាំងពីឆ្នាំ២០១៤កន្លងមកម្ល៉េះ។
លោក យស់ ណាស៊ី បានបញ្ជាក់នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះថា ខាងអាជ្ញាធខេត្ត បានស្នើសុំទៅក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច រួចរាល់ហើយ ដោយសុំរំលាយកិច្ចសន្យា និងសៀវភៅបន្ទុករបស់អាជីវករ សត្វឃាដបីនាក់ខាងលើ និងបានសុំការអនុញ្ញាត ពីក្រសួងឲ្យមានការដាក់ ដេញថ្លៃសាធារណៈសារជាថ្មី។
បញ្ហានេះក្រសួងទាំងពីរ បានយល់ព្រមជាពាក្យសំដីរួចរាល់ហើយ នៅសល់តែចេញលិខិតស្នាមផ្ញើ មកឲ្យអាជ្ញាធខេត្តតែប៉ុណ្ណោះ៕