(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤១ ដែលសភាប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ បានលើកយកសេចក្ដីព្រាងសេចក្ដីសម្រេច ដែលមានប្រធានបទ ស្ដីពី តួនាទីរបស់សភា ក្នុងការលើកកម្ពស់ភាពស្អិតរមួតអាស៊ាន និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ មកធ្វើការពិភាក្សាគ្នា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។
លោក សុខ សូកាន អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានដឹកនាំប្រតិភូ គណៈកម្មាធិការសេដ្ឋកិច្ចកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអន្តរសភាអាស៊ាន អាយប៉ា តាមរយៈប្រព័ន្ធវីដេអូ នាពេលនេះរួមមាន៖ លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា, លោក ហ៊ូ ស្រ៊ី សមាជិករដ្ឋសភា, លោក អាយ ខន សមាជិកព្រឹទ្ធសភា, លោក ចាយ បូរិន សមាជិករដ្ឋសភា, លោក យឹម លាត សមាជិករដ្ឋសភា និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត។
ក្នុងបទអន្តរាគមន៍ ថ្លែងទៅកាន់កិច្ចប្រជុំ លោក សុខ សូកាន បានលើកឡើងថា សេចក្ដីព្រាងសេចក្ដីសម្រេច ដែលលើកយកមកពិភាក្សាគ្នានាពេលនេះ គឺទាក់ទងនឹងតួនាទី របស់សភាក្នុងការលើកកម្ពស់ ភាពស្អិតរមួតអាស៊ាន និងការងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយការរាតត្បាតនៃជំងឺកូវីដ១៩។ អ្វីដែលសភាត្រូវធ្វើ គឺគួរតែអនុម័តច្បាប់ និងគោលនយោបាយ ដើម្បីឆ្លើយតបនឹងការរីរាលដាលនៃជំងឺរាតត្បាតកូវីដ១៩ និងជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅក្នុងតំបន់។
លោកប្រធានគណៈប្រតិភូ បានថ្លែងទៀតថា ពាក់ព័ន្ធនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀត គឺបានទទួលនូវរងនូវផលប៉ះពាល់ ដល់សេដ្ឋកិច្ច និងវិស័យផ្សេងៗជាច្រើន។ ជាមួយគ្នានេះ យើងក៏បានចាត់វិធានការជាច្រើន ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតនេះ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាបានអនុម័ត ថវិកាជាង២ពាន់លានដុល្លារអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ដោយយកចិត្តទុកដាក់ ជាពិសេសចំពោះក្រុមងាយរងគ្រោះ និងក្រុម MSMEs ដែលរងផលប៉ះពាល់ ដោយជំងឺរាតត្បាត តាមរយៈការបណ្ដុះបណ្ដាលជំនាញ ការគាំទ្រផ្នែកសង្គម ការផ្ដល់ហិរញ្ញប្បទាន និងការលើកលែងពន្ធជាដើម។
លោក សុខ សូកាន បានបន្ថែមថា សមាជិកសភាអាស៊ានអាយប៉ា គួរតែឈររួមគ្នាជាមួយរដ្ឋាភិបាល នៃសមាជិកអាស៊ាន ក្នុងការអនុវត្តវិធានការជាក់លាក់ ដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងរោគរាតត្បាត និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរឹងមាំ ក្នុងស្មារតីរួបរួម និងឆ្លើយតប។
ចំណែកនៅក្នុងបទអន្តរាគមន៍ របស់គណៈប្រតិភូសភាប្រទេសអាស៊ានផ្សេងៗទៀត ក៏បានលើកឡើងពីផលវិបាកនានាដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងបានជំរុញឲ្យប្រទេសសមាជិកអាស៊ាន ធ្វើការចែករំលែកបច្ចេកទេស ចំណេះដឹងផ្នែកវេជ្ជសាស្ត្រ ឲ្យបានទាន់ពេល វេលា តាមរយៈការបន្តពង្រឹងយន្តការកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងដៃគូសន្ទនា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបានកើតឡើងដោយវិបត្តិកូវីដ១៩៕