(កោះកុង)៖ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស ក្នុងគ្រាមានឧប្បទ្ទវហេតុ នៅប្រការណាមួយ ដែលកើតឡើងនៅកណ្តាលផ្លូវ ឬទីតាំងណាមួយ ដែលជួបក្នុងការជួយសង្រ្គោះ បឋមនោះ ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្ដកោះកុង នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ មានរៀបចំកម្មវិធីទិវាពិភពលោកវិជា្ជសង្គ្រោះបឋម ដោយមានការចូលរួមក្រោមវត្តមានលោក សំឃិត វៀន អភិបាលរងខេត្ដកោះកុង។
ក្នុងនោះ ក៏មានការចូលរួមពី លោកស្រី មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា និងលោកគ្រូឯកទេសផ្នែក វិជ្ជាសង្គ្រោះបឋម នៃទីស្នាក់ការកណ្តាល សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុងខេមរភូមិន្ទ ចៅសង្កាត់ទាំងបី អ្នកស្ម័គ្រចិត្ត យុវជនកក្រក យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ ប្រជាពលរដ្ឋ ព្រមទាំង មន្ដ្រីរាជការ តាមមន្ទីរអង្គភាព ជាច្រើនរូបទៀត។
លោកស្រី មុំ ចន្ធី បានថ្លែងថា វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជា ដ៏មានសារសំខាន់មួយដែលយើង ទាំងអស់គ្នាត្រូវសិក្សា ដើម្បីទុកជាមូលដ្ឋានគ្រឹះ សម្រាប់សង្គ្រោះ បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ដែលរងគ្រោះថ្នាក់ផ្សេងៗ ដោយចៃដន្យមានដូចជា៖ ខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង និងគ្រោះថ្នាក់ចរាចរណ៍ជាដើម មុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនអ្នករងគ្រោះ ទៅកាន់មន្ទីរពេទ្យ។
លោក សំឃិត វៀន អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះឡើង គឺដើម្បីអបអរសាទរទិវាពិភពលោក វិជ្ជាសង្គ្រោះបឋម ក្នុងគោលបំណង ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹង ពីវិធីជួយសង្គ្រោះជនរងគ្រោះ នៅក្នុងសហគមន៍របស់ខ្លួន ឲ្យបានត្រឹមត្រូវ និងសុវត្ថិភាពមុនពេលគ្រូពេទ្យ មកជួយសង្គ្រោះ និងមុនពេលបញ្ជូន ទៅមន្ទីពេទ្យ។
កាកបាទក្រហមកម្ពុជា បានអប់រំយល់ដឹងអំពី វិជ្ជាសង្គ្រោះបឋមការពារ ដើម្បីឲ្យកុមារចេះបង្ការខ្លួនកុំឲ្យមានគ្រោះថ្នាក់ ហើយក្នុងនោះ ប្រធានបទដែលយកមកបង្ហាត់ បង្ហាញរួមមាន៖ រលាក (ទឹកក្ដៅ ភ្លើង...) បាក់ឆ្អឹង លង់ទឹក សត្វទិច រន្ទះ និងស្លាក់។
កាកបាទក្រហមកម្ពុជា បាននិងកំពុងពង្រីកវិជ្ជាសង្គ្រោះបឋម នៅតាមស្ថាប័នរដ្ឋ និងមន្ទីរនានា តាមការស្នើសុំ និងផ្តល់ វិជ្ជាសង្គ្រោះបឋមដោយបង់ថ្លៃ ដល់វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។ គោលបំណងរបស់កាកបាទក្រហមកម្ពុជាគឺ ក្នុង១គ្រួសារ ត្រូវមានអ្នកចេះវិជ្ជាសង្គ្រោះបឋមម្នាក់។
ឆ្លៀតក្នុងឱកាសនោះ លោក សំ ឃិតវៀន អភិបាលរងខេត្ត បានធ្វើការផ្ដាំផ្ញើដល់អ្នកស្ម័គ្រចិត្ដ និងយុវជនទាំងអស់ ជាពិសេសយុវជនកាកបាទក្រហមកម្ពុជា ដែលមាន វត្ដមាននៅទីនេះ ក្រោយពីទទួលបាននូវវគ្គបណ្ដុះបណ្ដាល ស្ដីពីវិជ្ជាសង្គ្រោះបឋម និងចូលរួមសកម្មភាពនៅក្នុងគម្រោង របស់កាកបាទក្រហមកម្ពុជារួចហើយសូមក្មួយៗ យកចំណេះដឹងនេះ ទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងធ្វើការផ្សព្វផ្សាយបន្ដ ឲ្យបានទូលំទូលាយដល់សហគមន៍ប្រជាពលរដ្ឋ និងមិត្ដភក្ដិនូវវិជា្ជសង្គ្រោះបឋមនេះ៕