(កោះកុង)៖ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង បានអញ្ជើញចូលរួមកាន់វេនបិណ្ឌទី៧ នៅវត្តជោតញ្ញាណ និងមានការចូលរួមពីលោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្ត លោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងឧបាស័ក ឧបាសិកា ចំណុះជើងវត្តយ៉ាងច្រើនផងដែរ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅវត្តជោតញ្ញាណ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសនេះលោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនជាពុទ្ធបរិស័ទ ដែលបានអញ្ជើញចូលរួមកាន់វេនបិណ្ឌថា សូមបងប្អូនបន្តចូលរួម ទប់ស្កាត់ប្រុងប្រយ័ត្ន ចំពោះជំងឺរាតត្បាត់សកលកូវីដ-១៩ ដែលមានហានិភ័យខ្ពស់ដល់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ និងដើម្បីការពារ និងបញ្ជៀសឲ្យឆ្ងាយពីជំងឺដ៏កាចសាហាវនេះ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយត្រូវអនុវត្តន៍ នូវវិធានការពារថែរក្សា អនាម័យ លាងសម្អាតដៃជាមួយសាប៊ូ ទឹកស្អាត អាល់កុល ឬជែលសម្លាប់មេរោគជាប្រចាំ ត្រូវពាក់ម៉ាសកាពារ ពិសេសត្រូវរក្សា នៅគម្លាតពីគ្នា ចន្លោះពី១.៥ ម៉ែត្រពីគ្នា ហើយបើមានសុខភាពមិនប្រក្រតីនៅក្នុងខ្លួន ឬក្នុងក្រុមគ្រួសារយើង គួរប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីធ្វើតេស្ត ឬការផ្តល់ប្រឹក្សាពីលោកគ្រូពេទ្យមកវិញ។
លោកអភិបាលរូបនេះ បានបន្តថា បងប្អូនត្រូវដឹងថា បច្ចុប្បន្នភាពប្រទេសកម្ពុជាយើង មានសន្តិភាព និងកំពង់តែអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យសាសនា និងមានធនធានមនុស្សទាំងអស់នេះ គឺស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃ ដែលធ្វើឲ្យពិភពលោកទទួលស្គាល់ នៃភាពល្បីល្បាយនៅលើឆាកអន្តរជាតិ។
ក្នុងពិធីកាន់វេនបិណ្ឌនេះ លោកក៏បានជូនតេយ្យវត្ថុដល់វត្ត៖ មានអង្ករចំនួន២បាវ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈមួយចំនួន បច្ច័យកាន់បិណ្ឌ ដើម្បីកសាងវត្តចំនួន២៥០ដុល្លារ។
លោក គ្រី ប៊ុនថា រួមទាំងមន្ត្រីក្រោមឱវាទ ថវិកាចំនួន៨០ម៉ឺនរៀល ជួយកសាងវត្ត១លានរៀល និង២៥០ដុល្លារ, លោក រស់ សារាំ ថវិកាចំនួន២០ម៉ឺនរៀល, លោក សោម សុធី ថវិកាចំនួន២០ម៉ឺនរៀល, លោក ឡៅ ប៊ុនខេង ថវិកាចំនួន១០ម៉ឺនរៀល, លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ ថវិកាចំនួន១៥ម៉ឺនរៀល។
លោក ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ក្នុងការការពារជំងឺកូវីដ ដើម្បីសុខភាព និងសូមចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួនឯង៕