(កណ្តាល)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាមានការណែនាំពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) នៅព្រឹកថ្ងៃពុធ ០៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី ក.ប.ប ខេត្តកណ្តាល ដោយមានលោក លោក អ៊ូ ម៉ានរិន ប្រធានសាខា បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារតាខ្មៅ ហាងលក់ទំនិញ ផ្សារទំនើប និងហាងលក់សំភារៈកូនក្មេង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក អ៊ូ ម៉ានរិន ប្រធានសាខា ក.ប.ប. ខេត្តកណ្តាល បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញ បានពិនិត្យ គុណភាពទំនិញ រួមមាន៖ នំកញ្ចប់ ទឹកក្រូច យ៉ាអ៊ួរ មីកញ្ចប់ ចាហ៊ួយ ទឹកដោះគោជូ នំសម្រាប់កូនក្មេង សំភារៈសម្រាប់ប្រគេនព្រះសង្ឃ សាដក និងត្រួតពិនិត្យភាពអនុលោម អំពីផ្លាកសញ្ញា លើផលិតផលម្សៅទឹកដោះគោ ស្របតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ ផលិតផលសម្រាប់ ចិញ្ចឹមទារក និងកុមារ។
លោកប្រធានសាខា បានឲ្យដឹងបន្តថា ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញ ផលិតផលម្សៅ ទឹកដោះគោម៉ាក Nutrilatt ទាំងអស់ ដាក់លក់លើទីផ្សារទេ រួមទាំង B/N 487.488.536.537.538. និង 539 ផងដែរ ដោយខាងក្រុមហ៊ុន បានមកម្រមូលយកទៅវិញ។
ជាមួយគ្នានោះ មន្រ្តីជំនាញរបស់លោក បានផ្សព្វផ្សាយ ដល់អាជីវករ គ្មានអ្វីប្រសើរជាងការបំបៅកូន ដោយទឹកដោះម្តាយ តែមួយមុខគត់រហូតដល់៦ខែ និងបាន បានធ្វើការពន្យល់ ណែនាំអាជីវករ ឲ្យយល់ដឹងអំពីច្បាប់ និងបទបញ្ញាតិបច្ចេកទេសផ្សេងៗផងដែរ៕