(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានលើកឡើងថា ខេត្តបន្ទាយមានជ័យ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយ លើការងារបោសសម្អាតមីន។
ការលើកឡើងបែបនេះ ក្នុងឱកាសដែល ទេសរដ្ឋមន្រ្តី លី ធុជ តំណាងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ដឹកនាំតំណាងប្រទេសម្ចាស់ជំនួយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ រួមមាន៖ អូស្ត្រាលី សាធារណៈរដ្ឋកូរ៉េ និងអង្គការ UNDP ចុះទស្សនកិច្ចប្រតិបត្តិការ បោសសម្អាតមីនរបស់ប្រតិបត្តិករស៊ីម៉ាក់ ស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ និងបានជួបសំណេះសំណាល ជាមួយអ្នកទទួលផលលើដីបោសសម្អាតមីនរួច ស្ថិតនៅភូមិសឹង្ហត្បូង ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពី លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្ដាលីប្រចាំនៅកម្ពុជា លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា លោក Rho Hyunjun នាយក KOICA ប្រចាំកម្ពុជា លោក Nick Beresford តំណាង UNDP ប្រចាំកម្ពុជា លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ថ្នាក់ដឹកនាំអាជ្ញាធរមីន និងប្រតិបត្តិករស៊ីម៉ាក់ ជាច្រើននាក់ផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនអូស្រ្តាលី សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ និងអង្គការ UNDP ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ក្នុងការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់ដីមានសុវត្ថិភាព និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យរួចផុតពីការគម្រាមកំហែងដោយសារមីន។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមដទៃទៀតរបស់កម្ពុជា រួមមាន៖ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វីស ចិន ន័រវេស្ស កាណាដា អៀរឡង់ និង UNICEF ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។
លោកទេសរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិករស៊ីម៉ាក់ ដែលបានចូលរួម និងសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន ក្នុងការរំដោះផ្ទៃដីដែលមានមីន ដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋ នាពេលកន្លងមក។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ស៊ីម៉ាក់ គឺជាប្រតិបត្តិករជាតិ ដែលមានបទពិសោធន៍ និងជំនាញខ្ពស់ក្នុងវិស័យសកម្មភាពមីនទាំងនៅកម្រិតជាតិ និងអន្តរជាតិ។
លោកទេសរដ្ឋមន្រ្តី និងម្ចាស់ជំនួយ បានជួបសំណេះសំណាល ដោយផ្ទាល់ជាមួយអ្នកទទួលផល ពីដីដែលបានបោសសម្អាតមីន រួចព្រមទាំងបានប្រគល់ជូននូវលិខិតបញ្ជាក់ដល់ភូមិចំនួន៥ ដែលជាភូមិអស់ការគម្រាមដោយសារមីន។ លោកបន្តទៀតថា ខេត្តបន្ទាយមានជ័យ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយ លើការងារបោសសម្អាតមីន។
គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ និងជាគម្រោងដែលមានពហុម្ចាស់ជំនួយ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងរួមចំណែកក្នុងការសំរេចឲ្យបាននូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥ ដែលក្នុងនោះ UNDP មានភារកិច្ចជួយកៀរគរធនធាន រួមទាំងការជួយថវិកា និងទីប្រឹក្សាបច្ចេកទេស ហើយអាជ្ញាធរមីន ទទួលខុសត្រូវក្នុងការចាត់ចែងការអនុវត្តគម្រោង។
ចាប់ពីឆ្នាំ ២០០៦ រហូតដល់ខែកក្កដា ឆ្នាំ២០២០ គម្រោងបានបោសសម្អាតដីមានមីនចំនួន ២៤៦.៥គីឡូម៉ែត្រការ៉េ ដោយរកឃើញនិងបានបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ៦៩,៨១៥គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១,៤៩៦គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ២១២,៥៥៥គ្រាប់ ដែលបានផ្តល់ផលប្រយោជន៍ជាប្រយោលដល់ប្រជាជន ក្នុងសហគមន៍ប្រមាណ ១,០២៨,៦៨៣នាក់ ក្នុងនោះ៥០ភាគរយជាស្ត្រី។
សូមបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយក្នុងចំណោមខេត្ត ដែលមានជនរងគ្រោះថ្នាក់ដោយគ្រាប់មីនច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា ផ្ទៃដីមានមីន ចំនួន ២២៣គីឡូម៉ែត្រក្រឡាត្រូវបានបោសសម្អាត និងយកមកប្រើប្រាស់ និងនៅសល់ដីប្រមាណ១៤៧គីឡូម៉ែត្រក្រឡាដែលនៅមានការគម្រាមដោយសារមីន។ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ខេត្តបន្ទាយមានជ័យ មានជនរងគ្រោះដោយសារមីន និងគ្រាប់ចំនួន ៨,៨៨២នាក់ ស្មើនឹង១៤% នៃគ្រោះថ្នាក់ទូទាំងប្រទេស។
ដោយឡែក ឃុំអូរបីជាន់ គឺជាឃុំមួយក្នុងចំណោមឃុំ ដែលមានមីនច្រើនបំផុតក្នុងខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ និងរបួសចំនួន ១៣៨នាក់ ស្រី១០នាក់ ដោយសារមីនចំនួន ១២៨នាក់។ ឃុំអូរបីជាន់ មានផ្ទៃដីដែលបានបោសសម្អាតមីនរួចចំនួន ១៧.៤ គីឡូម៉ែត្រក្រឡា ហើយនៅសល់ផ្ទៃដីសង្ស័យថា មានមីនចំនួន១៦.៥គីឡូម៉ែត្រក្រឡា៕