(ភ្នំពេញ)៖ លោក តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាមួយ លោក Justin Yeoh ប្រធានក្រុមហ៊ុន EVERSHINE EDU SDN BHD នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។ នៅក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនេះមានការចូលរួមពីលោក តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងលោក Justin Yeoh ប្រធាន EVERSHINE EDU SDN BHD នៃប្រទេសម៉ាឡេស៊ីព្រមទាំងនិស្សិត បុគ្គលិក មន្រ្តីរាជការ សាស្រ្តាចារ្យ និងភ្ញៀវកិតិ្តយសតំណាង មកពីវិស័យឯកជន ជាច្រើននាក់រូបទៀត។
គោលបំណងនៃការហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា នាពេលនេះគឺដើម្បីបង្កើតទំនាក់ទំនងល្អរវាង វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត នៃប្រទេសកម្ពុជាជាមួយក្រុមហ៊ុន EVERSHINE EDU SDN BHD នៃប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសនានាផ្សេងៗទៀត ពិសេសបណ្តាប្រទេស ជាសមាជិកអាស៊ានទាំងអស់។ ក្រៅពីនោះក៏ដើម្បីចែករំលែកនូវព័ត៌មាន និងបទពិសោធន៍ ជាមួយដៃគូ ដើម្បីពង្រឹងគុណភាពក្នុងការអប់រំ បណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយសមត្ថភាព។
អនុស្សរណៈយោគយល់គ្នានាពេលនេះក៏ជាផ្នែកមួយ ដើម្បីជម្រុញឲ្យវិទ្យាស្ថានជាតិ ពាណិជ្ជសាស្រ្តឲ្យក្លាយខ្លួនជាអង្គភាពផ្តល់សេវាកម្ម អប់រំបណ្តុះបណ្តាល ជំនាញប្រកបដោយគុណភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងក្រៅប្រទេស ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចនាពេលអនាគត។ មួយវិញទៀតដើម្បីផ្តល់ឳកាសឲ្យនិស្សិតមានលទ្ធភាពបន្តការសិក្សានៅក្រៅ ប្រទេសជាពិសេសទទួលបាននូវចំណេះដឹង ជំនាញនិងបទពិសោធន៍ការងារជាក់ស្តែងនៅតាមបណ្តាប្រទេសជឿនលឿន។
សកម្មភាពសហប្រតិបត្តិការ នៅក្នុងអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានជាតិ ពាណិជ្ជសាស្រ្ត និង EVERSHINE EDU SDN BHD នៃប្រទេសម៉ាឡេស៊ីមាន ដូចជា រៀបចំកម្មវិធីបើក វគ្គបណ្តុះបណ្តាលជំនាញ រយៈពេលខ្លីៗ ការបើកវគ្គបណ្តុះបណ្តាល ACCA-Association of Chartered Certified Accountants ដែលមានការទទួលស្គាល់ពី ចក្រពភអង្គគ្លេស និងរៀបចំឲ្យមានកម្មវិធីធ្វើកម្មសិក្សា ទស្សនកិច្ចសិក្សា និងការសិក្សានៅបរទេស ចុងក្រោយគឺ រៀបចំឲ្យមានកម្មវិធីទទួលស្គាល់គ្នា ជាមួយដៃគូ ទាំងអស់លើជំនាញ ជំនាញភាសាអង់គ្លេស ជំនាញគ្រប់គ្រងអាជីវកម្ម ជំនាញធនាគារ និងហិរញ្ញវត្ថុ ជំនាញលក់និងម៉ាឃិតធីង ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ជំនាញព័ត៌មានវិទ្យា ជំនាញឡូជីស្ទិកស៍ និងគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ (Supplied Chain and Logistics)។
នៅក្នុងអនុស្សរណៈយោគយល់គ្នានេះដែរ ភាគីទាំងពីរ រំពឹងថា វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត មានដៃគូនៅក្រៅប្រទេស គុណភាពការអប់រំ បណ្តុះបណ្តាល ជំនាញរបស់វិទ្យាស្ថានមានសត្ថភាព និងលទ្ធភាពអាចប្រកួតប្រជែង ជាមួយបណ្តាប្រទេសនានា និស្សិតរបស់វិទ្យាស្ថានជាតិ ពាណិជ្ជសាស្រ្តមាន ឱកាសទៅធ្វើទស្សនកិច្ចសិក្សា និងកម្មសិក្សានៅបរទេស វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត នឹងមានកម្មវិធីផ្លាស់ប្តូរ ការសិក្សានៅក្រៅប្រទេស សមត្ថភាពរបស់បុគ្គលិកមន្រ្តីរាជការ និងសាស្រ្តាចារ្យរបស់វិទ្យាស្ថានជាតិ ពាណិជ្ជសាស្រ្តនឹង មានសមត្ថភាពពេញលេញ ដើម្បីឆ្លើយតបការអភិវឌ្ឍរបស់សង្គមសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន និងអនាគត វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានត្រៀមខ្លួនជាស្រេច ដើម្បីបណ្តុះបណ្តាលជំនាញ ដល់កូនខ្មែរសម្រាប់ការចល័ត កម្លាំងពលកម្មក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក៕