(ភ្នំពេញ)៖ កម្លាំងនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹងនៅគ្រប់ខណ្ឌ ទូទាំងរាជធានីចំនួន ៥គោលដៅបន្តទៀត នៅទូទាំងក្រុងភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ដោយត្រួតពិនិត្យចាប់ពីវេលាម៉ោង ១១យប់ រហូតដល់ម៉ោង ២រំលងអាធ្រាត។ នេះបើយោងតាមរបាយការណ៍ លទ្ធផលត្រួតពិនិត្យអ្នកបើកបរស្រវឹងពីរាជធានី-ខេត្ត នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃសុក្រនេះ។
ជាក់ស្តែងនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ កងកម្លាំងសមត្ថកិច្ចទាំងបីស្ថាប័ន ឃាត់ខ្លួនអ្នកបើកបរស្រវឹងបាន ១០នាក់ ក្នុងនោះ មានរថយន្ត៦ គ្រឿង និងម៉ូតូ៤ គ្រឿង។ កម្លាំងសមត្ថកិច្ចបានឃាត់ និងតម្រូវឲ្យតម្កល់ប្រាក់កក់ ផាកពិន័យ ១,០០០ដុល្លារសម្រាប់រថយន្ត និង២០០ដុល្លារសម្រាប់ម៉ូតូ។ អ្នកបើកបរ ស្រវឹងបាន១០នាក់ សុទ្ធតែមានកំរិតជាតិស្រវឹង ០.៦០។
សូមរំលឹកថា ក្នុងការត្រួតពិនិត្យប្រសិនបើបងប្អូនណាដែល កំលាំងសម្ថកិច្ចត្រួតពិនិត្យរកឃើញថា មានកំរិតផ្ទុកជាតិអាកុលចាប់ពី ០.៤០មីលីក្រាម ក្នុង១លីត្រខ្យល់ឡើងទៅ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី១ខែដល់៦ខែ និងត្រូវពិន័យជាប្រាក់ថែមទៀត៕