(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាន់ទី១៩ និងទី២០ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥, ១៦ និងថ្នាក់បណ្ឌិតជំនាន់២ សរុប ៤.៩០១នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងធ្វើឡើងនៅសាលបមហោសន្និបាតកោះពេជ្រ វេលាម៉ោង ៧៖០០ព្រឹក។
ជាមួយគ្នានេះសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏បានអំពាវនាវដល់និស្សិតរបស់ខ្លួន ដែលនឹងត្រូវអញ្ជើញទៅទទួលសញ្ញាបត្រ ត្រូវប្រញាប់ទាក់ទងទៅការិយាល័យសិក្សា ដើម្បីខ្ចីឯកសណ្ឋានពាក់ទទួលសញ្ញាបត្រ និងត្រូវចូលរួមប្រជុំនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៣៖០០រសៀល នៅមហោស្រពសន្និបាតកោះពេជ្រ ដើម្បីទទួលការណែនាំលម្អិតពីលោក ហោ ប៉េង សាកលវិទ្យាការ៕