(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការសាងសង់បណ្ដាញលូរណប ទឹកកខ្វក់ និងលូទឹកភ្លៀង នៅតាមបណ្ដោយផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។
សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលកំពុងរស់នៅ និងធ្វើអាជីវកម្មនៅតាមបណ្ដោយផ្លូវទាំង៣៤ខ្សែ សូមអញ្ជើញមកដាក់ពាក្យស្នើសុំសាងសង់ បណ្ដាញលូរណប ទឹកកខ្វក់ និងលូទឹកភ្លៀង នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹង នេះតទៅ។
ចំពោះការសាងសង់បណ្ដាញលូ ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ត្រូវចូលរួបបង់វិភាគ ទានជាថវិកាទៅតាមទំហំក្បាលដីដូចខាងក្រោម៖
*ទី១៖ លំនៅឋានប្រជាពលរដ្ឋត្រូវបង់វិភាគទានជាថវិកា ទៅតាមទំហំក្បាលដីក្នុង ១ម៉ែត្រ តម្លៃ៥៨ដុល្លារ
*ទី២៖ ទីតាំងអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងលាង រថយន្ត និងអាជីវកម្មនានា ត្រូវបង់វិភាគទានជាថវិកា ទៅតាមទំហំក្បាលដី ក្នុង១ម៉ែត្រ តម្លៃ៨០ដុល្លារ។
ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម នៅតាមបណ្ដោយផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ មានចម្ងល់ក្នុងការតបណ្ដាញលូ សូមទំនាក់ទំនងមកលោក ហង្ស ភិរក្ស ដែលមានលេខទូរស័ព្ទ ០១២ ៥០៥ ១៦៨ ឬមកទំនាក់ទំនងផ្ទាល់ជាមួយមន្ត្រីជំនាញ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រះសីហនុ៕