(ភ្នំពេញ)៖ កម្ពុជា និងជប៉ុនបានព្រមព្រៀងគ្នាដើម្បីបើកព្រំដែនឡើងវិញ ដោយភាគីទាំងពីរបានឯកភាពក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្រ្តីការបរទេសជប៉ុន Toshimitsu Motegi នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។ ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនបន្ថែមថា ប្រទេសជប៉ុនក៏បានសម្រេចបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើររបស់និស្សិតបរទេសផងដែរ។
រដ្ឋមន្ត្រីការបរទេសជប៉ុនជាឥស្សរជនបរទេសដំបូងគេ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅពេលដែលពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ១៩។ ដំណើរទស្សនកិច្ចនេះ មិនមែនគ្រាន់តែដើម្បីជំរុញចំណងការទូតទ្វេភាគី និងឆ្លុះបញ្ចាំងពីសាមគ្គីភាពក្នុងគ្រាលំបាកនោះទេ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលបម្រើផលប្រយោជន៍ជាយុទ្ធសាស្ត្រដល់ភាគីទាំងសងខាង។
ភាគីជប៉ុនបានពិភាក្សាអំពីការអនុវត្ត និងវឌ្ឍនភាពនៃគម្រោងធំៗមួយចំនួននៅកម្ពុជាដូចជា ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែដ៏សំខាន់បំផុតរបស់កម្ពុជា ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ និងការពង្រីកសកម្មភាពវិនិយោគ ដើម្បីបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងក្រសែភ្នែកទីក្រុងតូក្យូកម្ពុជា ជាដៃគូយុទ្ធសាស្ត្រនៅក្នុងតំបន់ ដែលអាចប្រឆាំងទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅអាស៊ីអាគ្នេយ៍ និងជាអ្នកវិនិយោគធំជាងគេនៅខេត្តព្រះសីហនុ ដែលមានទុនដល់ទៅ ៣០ពាន់លានដុល្លារអាមេរិក ។
ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនកំពុងកើនឡើងជាលំដាប់នៅក្នុងតំបន់ ហើយឥឡូវនេះបានក្លាយជាកម្លាំងពាណិជ្ជកម្មឈានមុខគេនៅអាស៊ីអាគ្នេយ៍។ ចិនជាប្រភពវិនិយោគធំទី៣ ក្នុងតំបន់ជាប្រទេសដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់តាំងពីឆ្នាំ២០១០ ហើយត្រូវបានគេស្គាល់ថា ជាប្រទេសមានសេដ្ឋកិច្ចខ្លាំងជាងគេ នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP ។
ប្រទេសចិនបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពការទូតរបស់ អាស៊ានចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០។ ប្រទេសចិនក៏មានទំនាក់ទំនងដ៏ជិតស្និទ្ធយូរអង្វែងជាមួយបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់។ ដោយសារមូលហេតុទាំងនេះហើយទើបមុនពេលធ្វើទស្សនកិច្ចនៅភ្នំពេញ រដ្ឋមន្ត្រីការបរទេសជប៉ុនបានធ្វើទស្សនកិច្ចនៅប្រទេសឡាវ និងមីយ៉ាន់ម៉ា ដែលជាសម្ព័ន្ធមិត្តដ៏មានសក្តានុពលពីរផ្សេងទៀតរបស់ទីក្រុងតូក្យូ ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិន។
លោក Motegi បានពន្យល់យ៉ាងច្បាស់ដល់សមភាគីរបស់លោកគឺរដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថា ប្រទេសកម្ពុជាមានសារៈសំខាន់ជាងពេលណាៗ ទាំងអស់ក្នុងការពង្រឹងបន្ថែមទៀតនូវការអនុវត្តគំនិតផ្តួចផ្តើម «ឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហ» ខណៈសភាពការណ៍អន្តរជាតិមានការផ្លាស់ប្តូរឆាប់រហ័ស ពិបាកប៉ាន់ស្មាន់ដោយសារជំងឺកូវីដ១៩។ សហរដ្ឋអាមេរិកក៏មានការព្រួយបារម្ភផងដែរ អំពីការរីកធំធាត់នូវឥទ្ធិពលរបស់ចិន។
គោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះអាស៊ីគឺត្រូវបានគិតគូរយ៉ាងហ្មត់ចត់ពីការកើនឡើងទ្វេគុណនូវឥទ្ធិពលរបស់ចិន ដូច្នេះហើយទើបរដ្ឋបាល ដូណាល់ ត្រាំ ផ្តោតសំខាន់ទៅលើផ្នែកសន្តិសុខ និងការទូត ពោលគឺ «ការធ្វើឱ្យមានតុល្យភាពឡើងវិញនៅអាស៊ី» និងដំណើរការពង្រាយកងទ័ពនៅភាគខាងត្បូង។
ដំណើរទស្សនកិច្ចរបស់ជប៉ុនអាចមើលឃើញថា ជាលទ្ធផលមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរក្សា និងជំរុញពហុភាគីនិយមជាមួយដៃគូដទៃទៀតក្នុងតំបន់។ ថ្វីត្បិតចិនជាដៃគូសេដ្ឋកិច្ច និងវិនិយោគដ៏ធំបំផុតរបស់កម្ពុជា រាជរដ្ឋាភិបាលទីក្រុងភ្នំពេញនៅតែព្យាយាមរក្សាទំនាក់ទំនងល្អ ជាមួយដៃគូប្រកួតប្រជែងរបស់ចិន ដូចជាជប៉ុន សហរដ្ឋអាមេរិក និងវៀតណាម។ កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មិនមែនតែជាមួយប្រទេសចិនទេ គឺមានកូរ៉េខាងត្បូង ជប៉ុន ចក្រភពអង់គ្លេសផងដែរ។ កម្ពុជាបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ហើយឥឡូវនេះកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងត្បូង។
កម្ពុជាក៏បានពង្រីកការទូតវប្បធម៌អន្តរជាតិរបស់ខ្លួនតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC នៅឆ្នាំ ២០១៩ នៅខេត្តសៀមរាប។ សហគមន៍អន្តរជាតិបានវាយតម្លៃខ្ពស់ដល់កម្ពុជាក្នុងការការពារ ស្តារ និងអភិរក្សប្រាង្គប្រាសាទខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានតម្លៃមិនអាចកាត់ថ្លៃបានរួមមានប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារជាដើម។
កាលពីខែកុម្ភៈ គណៈកម្មការអឺរ៉ុបបានសម្រេចព្យួរ «ការអនុគ្រោះពន្ធពាណិជ្ជកម្មលើទំនិញគ្រប់ប្រភេទលើកលែងតែអាវុធ ហៅកាត់ថា EBA» ។ តាមរយៈការព្យួរ EBA សហភាពអឺរ៉ុបប្រឈមនឹងការងាកចេញឆ្ងាយពីប្រទេសកម្ពុជា។ គេអាចចោទសួរបានថា តើទង្វើរបស់ព្រុយសែលជារឿងត្រឹមត្រូវ ឬ EU នឹងបាត់បង់ឥទ្ធិពល និងអំណាចស្រទន់ របស់ខ្លួននៅចំពោះមុខតួអង្គផ្សេងទៀតក្នុងតំបន់ ដូចជាប្រទេសជប៉ុន ដែលកំពុងសម្លឹងឃើញទីក្រុងភ្នំពេញជាដៃគូសេដ្ឋកិច្ចប្រកបដោយយុទ្ធសាស្ត្រ៕