(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកស្រី បានចែកកង់ជូនសិស្សក្រីក្រជិត៤០០គ្រួសារ នៅស្រុកកំចាយមា ខេត្តព្រៃវែង នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។ កង់ជិត ៤០០គ្រឿងនេះ ជាជំនួយរបស់អង្គការ កុ គី សៃ KJO ជប៉ុន ។
ថ្លែងក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ដែលចូលរួមក្នុងថ្ងៃនេះ សូមបន្តការខិតខំបន្តប្រុងប្រយ័ត្ន លើការការពារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដោយត្រូវចេះអនាម័យខ្លួនប្រាណ និងសម្អាតបរិស្ថានជុំវិញឲ្យល្អ ខណៈសាលារដ្ឋបានបើកឲ្យដំណើរការបង្រៀន និងសិក្សាឡើងវិញ។
លោក វង សូត បានស្នើឲ្យមន្ត្រីមូលដ្ឋាន ខិតខំចុះស្រង់ស្ថិតិគ្រួសារក្រីក្រ ដែលត្រូវទទួលបណ្ណ័សមធម៌ បើកសាច់ប្រាក់ពីរាជរាដ្ឋាភិបាលកម្ពុជាកំឡុងពេលកូវីដ ធ្វើឲ្យតម្លាភាព និងសុក្រិតភាព ចំពោះគ្រួសារដែលក្រីក្រពិតប្រាកដ។
រដ្ឋមន្ត្រីសង្គមកិច្ចរូបនេះ ក៏បាននកោតសសើរដល់ការចែករំលែក របស់អង្គការ កុ គី សៃ KJO ជប៉ុន ក្នុងការរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋកម្ពុជា និងជាពិសេសបានផ្តល់កង់ជាមធ្យោបាយ សម្រាប់ធ្វើដំណើរទៅរៀនសូត្រ នៅតាមសាលារៀនផងដែរ។
ជាមួយគ្នានោះ គ្រួសារ អាណាព្យាបាល សិស្សដែលមានជីវភាពខ្វះខាត និងជួបការលំបាក ក្នុងកំឡុងពេលកូវីដ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ប្រមាណជិត៤០០នាក់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ខណៈក្រសួងសង្គមកិច្ចផ្តល់កង់ម្នាក់មួយគ្រឿង ជាមធ្យោបាយធ្វើដំណើរទៅរៀនសូត្រ ។
លោក វង សូត បានក្រើនរំលឹក និងណែនាំឲ្យមេភូមិ មេឃុំ ស្មៀនឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមានមានសុក្រឹត្យភាព តម្លាភាព ក្នុងបេះដូង ដួងចិត្ត លើការងារធ្វើអត្តសញ្ញាណកម្មកំណត់គ្រួសារក្រីក្រ និងងាយរងគ្រោះ នាអំឡុងកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីពលរដ្ឋដែលក្រីក្រពិតប្រាកដ ទទួលបានសាច់ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលកម្ពុជា ពីសម្តេចតេជោ ក៍ដូចជាបានផ្តាំផ្ញើរឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ខិតខំបំរើសេវាឲ្យបានលឿន បំពេញតម្រូវការពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទាញយកសមាណចិត្ត និងបេះដូងក្តីស្រលាញ់គាំទ្ររបស់ពួកគាត់ មានចំពោះគណបក្សប្រជាជនកម្ពុជាជារៀងរហូត។
ប្រជាពលរដ្ឋគ្រួសារក្រីក្រ ដែលមានកូនសិក្សារៀនសូត្រ នៅក្នុងស្រុកកំចាយមា ខេត្តព្រៃវែង ទទួលបានកង់ម្នាក់មួយគ្រឿង ដែលជាជំនួយរបស់អង្គការ កុ គី សៃ KJO ជប៉ុន តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសូមថ្លែងអំណរគុណ និងបង្ហាញចិត្តសប្បាយរីករាយ ដោយគាំទ្រចំពោះសកម្មភាពក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕