(បាត់ដំបង)៖ តារាសម្តែងល្បីឈ្មោះបោះសំឡេងមួយរូបប្រចាំនៅកម្ពុជា លោក សាវិន ហ្វីលីព បាននាំយកថវិកា គ្រឿងឧបភោគ បរិ ភោគ ព្រមទាំងសម្ភារៈសិក្សាមួយចំនួន ធ្វើដំណើររាប់រយគីឡូម៉ែត្រ យកទៅប្រគល់ជូនដោយផ្ទាល់ដៃ ដល់កុមារី ហួច លៃហៀក ដែលជាកុមារីក្រីក្រមួយរូបនៅក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

កុមារី ហួច លៃហៀក ព្រោះតែភាពក្រីក្ររបស់គ្រួសារ ហើយឪពុក-ម្តាយ ធ្វើចំណាកស្រុកទៅរកការងារ​ធ្វើនៅប្រទេសថៃ នាងមិន បានចូលរៀនដូចកុមារដទៃក្នុងភូមិនោះឡើយ ហើយតែងបានលួច​ទៅមើលគេរៀនជារៀងរាល់ថ្ងៃ ទីបំផុតនាង ក៏ត្រូវបានអ្នកគ្រូចិត្តធម៌ ញាណ ប៊ុនសុជាតា ជួយចាត់ចែងឲ្យបានចូលរៀន​រួចហើយតាមបំណងប្រាថ្នា។

ក្រោយព័ត៌មាន នៃកុមារីម្នាក់ ដែលពោរពេញដោយការ​ស្រឡាញ់ការសិក្សា ត្រូវបានផ្សព្វផ្សាយលើ Fresh News លោក សាវិន ហ្វីលីព ដែលជាតារាតែងបានបំពេញសកម្មភាព​មនុស្សធម៌​ជួយដល់ទុរគតជន និងកុមារក្រីក្រនៅកម្ពុជា ក៏បានប្រកាសកៀរគររកជំនួយឧបត្ថម្ភនានា យកទៅជូនកុមារី ហួច លៃហៀក។
អំណោយដែល​យកទៅជូននាពេលនេះ រួមមាន៖ ថវិកាជាង ១០០ដុល្លារ និង សម្ភារៈសិក្សា សៀវភៅសរសេរ ប៊ិច ខ្មៅដៃ សំលៀកបំពាក់ថ្មី, កាតាបថ្មី និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕

លោក សាវិន ហ្វីលីព នាំយកអំណោយជូនកុមារីក្រីក្រ ដែលស្រឡាញ់ការសិក្សា នៅបាត់ដំបង

Posted by Fresh News on Friday, January 29, 2016