(ភ្នំពេញ)៖ គណៈប្រតិភូសភាស្រ្តីកម្ពុជា ដឹកនាំដោយ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូសភាស្រ្តីកម្ពុជា ចូលរួមប្រជុំគណៈកម្មាធិការសភាស្រ្តី (WAIPA) នាឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់ លោកស្រី តុង ធីហ្វុង (Tong Thi Phong) អនុប្រធានទី១ រដ្ឋសភាវៀតណាម និងជាប្រធានក្រុមសមាជិកសភាស្រ្តីវៀតណាម ចូលរួមជាភ្ញៀវកិត្តិយស និងដោយមានលោកស្រី ង្វៀន ធ្វី អាញ់ (Nguyen Thuy Anh) ប្រធានគណៈកម្មការសង្គមកិច្ចរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានគណៈកម្មាធិការសភាស្រ្តីនៃអន្តរសភាអាស៊ាន (WAIPA)។
សូមជម្រាបផងដែរ គណៈប្រតិភូសភាស្រ្តីកម្ពុជា ចូលរួមនាពេលនេះរួមមាន លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូប នីយកម្ម និងសំណង់ លោកស្រី បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍ លោកស្រី អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ លោកស្រី ម៉ក់ វណ្ណស៊ីថា សមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី លោកស្រី មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រឹទ្ធសភា លោកស្រី ឃួន ឃុនឌី សមាជិកកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានព្រឹទ្ធសភា។
កិច្ចប្រជុំគណៈកម្មាធិការសភាស្រ្តី នាមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១នេះ បានប្រព្រឹត្តធ្វើឡើងក្រោមប្រធានបទ «តួនាទីរបស់សមាជិកសភាជាស្រ្តីក្នុងការធានាការងារ និងប្រាក់ចំណូលដល់កម្មករ និយោជិតជាស្រ្តី» ដោយមានការចូលរួមពី សមាជិក សមាជិកាសភាក្នុងតំបន់អាស៊ាន និងមន្រ្តីបច្ចេកទេស សរុបប្រមាណ ៦០នាក់។
កិច្ចប្រជុំបានធ្វើការពិភាក្សា ទៅលើតួនាទីសមាជិកសភាស្ត្រីនៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅក្នុងអាស៊ាន ជាពិសេសចូលរួមចំណែកដោះស្រាយបញ្ហារបស់ស្រ្តីនៅក្នុងវិស័យការងារក្នុងកំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឱ្យមានការថយចុះនៃកម្លាំងពលកម្ម និងប្រាក់ចំណូលរបស់កម្មករ និយោជិត។
ថ្លែងទៅកាន់អង្គប្រជុំ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងពីស្ថានភាពស្រ្តីកម្ពុជាថា កម្មករ និងនិយោជិតជាស្រ្តីនៅកម្ពុជាបានទទួលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩នេះ ដោយសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា មានប្រមាណ ៦០ភាគរយកាន់កាប់ ឬគ្រប់គ្រងដោយស្រ្តី។ ម្យ៉ាងវិញទៀត ឧស្សាហកម្មវាយនភ័ណ្ឌ និងស្បែកជើង ព្រមទាំងវិស័យទេសចរណ៍មានកម្លាំងពលកម្មស្រ្តីរហូតដល់ ៨៤ភាគរយ។
លោកស្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយន្តការមួយចំនួនក្នុងការឆ្លើយតបទៅនឹងវិបត្តិនេះដែររួមមាន៖
* កម្មវិធីផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងក្រុមងាយរងគ្រោះ
* ការវិនិយោគលើការអភិវឌ្ឍជំនាញសហគ្រិនស្រ្តី និងរៀបចំរចនាសម្ព័ន្ធឥណទានក្នុងវិស័យអាទិភាព
* ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរួមទាំងការបំលែងឌីជីថលដល់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម អភិវឌ្ឍកសិកម្មទំនើប និងកសិឧស្សាហកម្មដោយផ្តោតលើការបង្កើតប្រាក់ចំណូល ជាពិសេសសម្រាប់ស្ត្រីនៅតាម
តាងនាមឱ្យសមាជិកសភាស្រ្តីកម្ពុជា លោកស្រីបានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖
១៖ ការកសាងគ្រឹះដែលមានភាពធន់ទ្រាំបន្ថែមទៀត និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ ទីផ្សារ ការច្នៃប្រឌិត បច្ចេកវិទ្យា និងឱកាសក្នុងការរីកចម្រើន សម្រាប់សហគ្រាសមីក្រូ តូចនិងមធ្យម។
២៖ ធានាឱ្យមានការចូលរួម និងមានតំណាងស្មើគ្នារបស់ស្ត្រីនៅក្នុងដំណើរការរៀបចំផែនការ និងការធ្វើសេចក្តីសម្រេច ជាពិសេសនៅក្នុងផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។
៣៖ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងស្មារតីដល់ស្ត្រីដែលរងផលប៉ះពាល់ ដើម្បីជួយពួកគាត់រក្សាបាននូវការងារនិងប្រាក់ចំណូល ព្រមទាំងអាចសម្របខ្លួនទៅនឹងឱកាសការងារក្នុងគន្លងថ្មីក្រោយវិបត្តិកូវីដ។
៤៖ ត្រូវផ្តោតលើប្រជាជនជាសំខាន់ ដែលស្របទៅនឹងចក្ខុវិស័យរបស់អាស៊ានដែលយកប្រជាជនជាធំ។
គណៈកម្មាធិការស្រ្តីអាយប៉ាក៏បានអនុម័តសេចក្តីសម្រេចលើប្រធានបទ «តួនាទីរបស់សមាជិកសភាជាស្រ្តីក្នុងការធានាបាននូវការងារ និងប្រាក់ចំណូលរបស់និយោជិតជាស្រ្តី» ដែលមានគោលគំនិតសំខាន់ចំនួន១០ចំនុច សំដៅជំរុញតួនាទីរបស់សមាជិកសភាក្នុងការធានាបាននូវការងារ និងប្រាក់ ចំណូលសមរម្យសម្រាប់កម្មករ និយោជិតជាស្រ្តី តាមរយៈការលើកកម្ពស់ការគាំពារសង្គម សុខភាពមាតា ការពារស្រ្តីពីអំពើហិង្សា ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងបរិបទឧស្សាហកម្មទី៤ ការបង្កើតផែនការសកម្មភាពរួមគ្នាដើម្បីធានារក្សាបាននូវការងារ និងប្រាក់ចំណូលកាន់តែប្រសើរសម្រាប់កម្មករនិយោជិតជាស្រ្តីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក៏ដូចជាផ្តល់ការគាំទ្រ ទាំងផ្នែកធនធាន និងបច្ចេកទេសដល់សហគ្រិនជាស្រ្តី៕